ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ


នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី សប្តស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត (ប្រឡាយមេ) ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មសំណង់ប្រព័ន្ធធារាសាស្ត្រ គឺដើម្បីបង្កើនសមត្ថភាពនាំទឹកតាមប្រឡាយរង ឱ្យដល់ទីតាំងប្រើប្រាស់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បានសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើការវិនិយោគប្រភពហិរញ្ញវត្ថុ ដើម្បីឆ្លើយតបតម្រូវការទឹកស្រោចស្រពកសិកម្ម ការប្រើប្រាស់ពហុវិស័យ និងជួយរំដោះទឹកជំនន់ចេញពីទីរួមខេត្ត និងតំបន់ជុំវិញក្នុងរដូវវស្សា៕