គណៈប្រតិភូនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាមកទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់អំពី កិច្ចដំណើរការនៃការផ្តល់សេវាចុះបញ្ជីយានយន្ត


នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអគ្គនាយក ពៅ ម៉ាលី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណៈរដ្ខ សហភាពមីយ៉ាន់ម៉ាមួយក្រុមប្រមាណ៣០រូប ដែលដឹកនាំដោយឯកឧត្តម Nyunt Shwe រដ្ឋមន្ត្រីក្រសួង ផែនការ និងហិរញ្ញវត្ថុ ដោយមានកាចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំសាធារណៈរដ្ខសហភាពមីយ៉ាន់ម៉ា និងមន្ត្រីនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផងដែរ។

ជំនួបពិភាក្សារបស់ក្រុមគណៈប្រតិភូនេះ មានគោលបំណងស្វែងយល់អំពី កិច្ចដំណើរការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការិយាល័យច្រកចេញចូលតែមួយ ជាពិសេស ដើម្បីស្វែងយល់អំពី យន្តការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានដឹកជញ្ជូនពាក់ព័ន្ធការគ្រប់គ្រងយានយន្ត និង មធ្យោបាយដឹកជញ្ជូនផ្សេងៗទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ថ្លែងនៅក្នុងបទបង្ហាញទៅកាន់ក្រុមគណៈប្រតិភូនាឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ពៅ ម៉ាលី បាន គូសបញ្ជាក់អំពី ប្រវត្តិនៃការគ្រប់គ្រងការដឹកជញ្ជូនរបស់កម្ពុជា ជាពិសេស ការធ្វើប្រតិភូកម្មការចុះបញ្ជី យានយន្តទៅច្រកចេញចូលតែមួយ ការអនុញ្ញាតឱ្យម្ចាស់ហាងលក់យានយន្តមានសិទ្ធិចុះបញ្ជីយានជំនះ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មជូនដល់អតិឋិជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព កាត់បន្ថយការ ចំណាយក្រៅផ្លូវការ និងងាយស្រួលក្នុងការគ្រប់គ្រងសម្រាប់អាជ្ញាធរមានសមត្ថកិច្ច ក្រោមគំនិតផ្តួចផ្តើម កំណែទម្រង់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះផងដែរ ក៏មានការចាក់បញ្ចាំងវីដេអូខ្លីប រយៈពេលប្រាំនាទីបង្ហាញអំពី ជម្រើសនៃការចុះបញ្ជី យានជំនិះ ជម្រើសនៃការបង់ប្រាក់ គេហទំព័រស្តីពីការចុះបញ្ជីយានជំនិះ សេវាបង់ប្រាក់ ការចេញ ប័ណ្ណ សម្គាល់យានជំនិះ និងការកិបផ្លាកលេខនៅនឹងកន្លែងជូនអតិឋិជនផងដែរ។

សូមជម្រាបជូនថា៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យ ដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់ប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទ ដើម្បីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស កាត់បន្ថយការិយាធិបតេយ្យស្មុគស្មាញ និងអនុញ្ញាតឱ្យទូទាត់ប្រាក់ កម្រៃសេវាតាមអនឡាញប្រកបដោយតម្លាភាព។