លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភាកម្ពុជាដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ និងជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់វេទិកាសមាជិកសភាអាស៊ីស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) ក្រោមមូលបទ «ការដឹកនាំរបស់សភាសម្រាប់អនាគត» នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះនៅរដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា វត្តមានរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងវេទិកាតំបន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងសកម្មរបស់កម្ពុជា ក្នុងការពង្រឹងតួនាទីនីតិប្បញ្ញត្តិ ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលប្រជាសាស្ត្រ និងការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព រួមជាមួយសមាជិកសភាជាង ១០០ រូប មកពី ២២ ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាហ្វ្រិក។
នៅក្នុងសន្និសីទនេះ គណៈប្រតិភូកម្ពុជាបានចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនទានជុំវិញការកែលម្អបរិយាកាសគោលនយោបាយ និងយន្តការច្បាប់ សំដៅគាំទ្រការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ អង្គសន្និសីទទាំងមូលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់លើសសរស្តម្ភយុទ្ធសាស្ត្រគន្លឹះទាំង ៤ របស់ AFPPD រួមមាន៖ · សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី · ការវិនិយោគលើថាមពល និងសក្តានុពលយុវជន · ការលើកកម្ពស់មនុស្សចាស់សកម្ម · ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
ពិធីបើកសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឥស្សរជនជាន់ខ្ពស់អន្តរជាតិ រួមមាន ឯកឧត្តម Dato Awang Bemee Awang Ali Basah ប្រធានព្រឹទ្ធសភានៃប្រទេសម៉ាឡេស៊ី, ឯកឧត្តម Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងការងារម៉ាឡេស៊ី, លោកជំទាវ Kamikawa Yoko សមាជិកសភាជប៉ុន និងជាប្រធាន AFPPD ព្រមទាំងលោក Pio Smith អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផ្នែកកម្មវិធីនៃមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)៕


.j.jpg)


