ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិចលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ រួមជាមួយទីក្រុង ៧ផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការអនុវត្តគម្រោងការដាក់ពាក្យស្នើសុំការវាយតម្លៃ រហូតទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោក។

ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស ក្នុងនាមជាប្រតិបត្តិករគម្រោងផ្ទាល់ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា លោកស្រីបានជម្រាបអង្គពិភាក្សាអំពីសាវតារឿងដែលកាលពីឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានគម្រោងលើកកម្ពស់សុវត្ថិភាពនៅតំបន់សាលារៀន ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការវាយថលស្រ្តាថិជី (Vital Strategies) តាមរយៈអង្គការភាពជាដៃគូសម្រាប់សុខុមាលភាពទីក្រុង (Partnership for Healthy Cites)។

យើងបានធ្វើការជ្រើសរើសសាលាចំនួន២ សម្រាប់អនុវត្តសាកល្បងនូវគម្រោង «សុវត្ថិភាពនៅតំបន់សាលារៀន» ដោយផ្តោតលើការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារគាំទ្រ ដើម្បីលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ សាលារៀនទាំង ២នោះរួមមាន៖ សាលារៀនមិត្តភាពកម្ពុជា-វៀតណាម និងសាលាបឋម និងវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលជាច្រកចេញ-ចូលរាជធានី ភ្នំពេញ មានស្ថានភាពចរាចរណ៍មមាញឹក និងងាយបង្កជាហានិភ័យ។

នៅក្នុងការអនុវត្តគម្រោងខាងលើ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តោតនូវការអនុវត្តនូវវិធានការធំៗ ចំនួន៣ រួមមាន៖

(១) ការចុះវាយតម្លៃ និងកំណត់កត្តាហានិភ័យនៃសុវត្ថិភាពចរាចរណ៍នៅជុំវិញសាលារៀន ដោយប្រើប្រាស់វិធីសាស្រ្តវាយតម្លៃ iRAP (អាយរ៉ាប់) (Start Rating for Schools) ។
(២) ការកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់នូវបរិក្ខាគាំទ្រទំនើប រួមមាន៖ តម្លើងស្លាកសញ្ញានិងគំនូសចរាចរណ៍ ផ្ទាំងកំណត់ល្បឿនឆ្លាតវៃ ព្រមទាំងបំពាក់ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ជាដើម។ល។
(៣) ការពង្រឹងវិធានការតាមដាន ព្រមទាំងបន្តអនុវត្តនូវវិធានការដែលមានស្រាប់ គឺការពង្រាយកម្លាំងសមត្ថកិច្ច និងភ្នាក់ងារចរាចរណ៍ នៅតាមសាលារៀន ដើម្បីជួយសម្រួលចរាចរណ៍ នៅក្នុងកំឡុងពេលម៉ោងសិស្សចូល និងចេញពីរៀន ដែលបានបញ្ចៀសនូវហានិភ័យបានយ៉ាងល្អប្រសើរ។
(៤) លើកកម្ពស់ចំណេះដឹងនិងឥរិយាបថសុវត្ថិភាពចរាចរណ៍ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងសហគមន៍ ។
(៥) បង្កើតគំរូកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធប្រកបដោយចីរភាពដើម្បីពង្រីកការងារសុវត្ថិភាពនៅតំបន់សាលារៀនបន្តទៀត។

លោកស្រីអ្នកនាំពាក្យបានបន្តទៀតថានៅក្នុងខែមិថុនាឆ្នាំ២០២៦នេះ អង្គការសុខភាពពិភពលោក បានប្រកាសជ្រើសរើសបេក្ខភាព ក្នុងការអនុវត្តគម្រោងតាមប្រធានបទធំៗ ចំនួន៨ ស្តីពីការលើកកម្ពស់សុខុមាលភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីទទួលពានរង្វាន់ប្រចាំឆ្នាំ២០២៦របស់ខ្លួន ហើយនៅពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសយកគម្រោងសុវត្ថិភាពនៅតំបន់សាលារៀននេះ​ ទៅដាក់ពាក្យរួមជាមួយ ទីក្រុងប្រមាណជាង១៥០ទីក្រុងទៀត មកពីតំបន់អាស៊ីប៉ាស៊ីហ្វិច។ ក្រោយការសិក្សាវាយតម្លៃ និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវ តាមបច្ចេកទេសរបស់ខ្លួន អង្គការសុខភាពពិភពលោក បានសម្រេចជ្រើសរើសទីក្រុងចំនួន៨ តំណាងឱ្យប្រធានបទទាំង៨។

រាជធានីភ្នំពេញ ត្រូវបានផ្តល់ជូននូវពានរង្វាន់ ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ស្តីពី «ការដឹកជញ្ជូនមានសុវត្ថិភាព សកម្ម និងលើកកម្ពស់សុខភាព៖ ការជំរុញសុខភាព និងការកាត់បន្ថយ វិសមភាពក្នុងការធើ្វដំណើរក្នុងទីក្រុង» តាមរយៈការអនុវត្ត «គម្រោងសុវត្ថិភាពនៅតំបន់សាលារៀន» ដែលពិធីប្រគល់ពាន ត្រូវបានធ្វើឡើងក្នុងសន្និសិទ្ធពិភពលោកលើកទី១១ របស់សម្ព័ន្ធភាព សម្រាប់សុខុមាលភាពទីក្រុង នៅទីក្រុងស៊ីដនី ប្រទេសអូស្រាលី៕