ក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម អនុម័តគម្រោងសំខាន់២ ដើម្បីគាំទ្រជីវភាពជនភៀសសឹកនៅបន្ទាយមានជ័យ និងសម្បទានិកដីធ្លីនៅខេត្តស្ទឹងត្រែង


ក្នុងកិច្ចប្រជុំដំបូង ក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម បានអនុម័តគម្រោងសំខាន់២ ដើម្បីគាំទ្រជីវភាពជនភៀសសឹកនៅបន្ទាយមានជ័យ និងបងប្អូនសម្បទានិកដីធ្លីនៅខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម (ម.អ.ស)នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម។

អង្គប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើសំណើរបស់សហភាពសហគមន៍កសិកម្មទំនើប ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុលើ៖

*គម្រោងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបបុរី ៣០០០ខ្នង ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

*គម្រោងអភិវឌ្ឍន៍កសិដ្ឋានទំនើបម្ទេស ស្ថិតនៅតំបន់អូរសេវ ស្រុកសេសាន ខេត្តស្ទឹងត្រែង
ក្រោមការគាំទ្រពី ម.អ.ស។

គម្រោងទាំងពីរនេះនឹងរៀបចំខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ និងបងប្អូនសម្បទានិកដីធ្លីការពារព្រៃក្នុងខេត្តស្ទឹងត្រែងឱ្យកាន់តែប្រសើរឡើង៕