ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំក្រុមការងារបេសកកម្ម ADB ចុះត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ


នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបេសកកម្ម ADB ចុះត្រួតពិនិត្យវឌ្ឍនភាពប្រព័ន្ធធារាសាស្ត្រទំនើបកម្មស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

បេសកកម្មនេះ មានការចូលរួមពីបេសកកម្ម ADB ដឹកនាំដោយលោក ឡុង ពិសិដ្ឋ រួមជាមួយមន្ត្រីបច្ចេកទេស ទីប្រឹក្សាបច្ចេកទេសជាតិ តំណាងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតនេះ សាងសង់ឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាពស្រោចស្រពដំណាំកសិកម្ម និងរំដោះទឹកជំនន់នារដូវវស្សា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ និងសម្តែងនូវការពេញចិត្តចំពោះលទ្ធផលផ្លែផ្កានៃបេសកកម្ម និងវឌ្ឍនភាពការងារដែលសម្រេចបាន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាកសិករក្នុងតំបន់៕