ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន​៖ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យសុខាភិបាល និងអប់រំ តាមរយៈការបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗបន្តបន្ទាប់


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើវិស័យសុខាភិបាល និងវិស័យអប់រំ​ ដោយបានបង្កើនថវិកា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ សម្រាប់គាំទ្រវិស័យទាំងពីរនេះជាបន្តបន្ទាប់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានបង្កើនចំណាយថវិការបស់ក្រសួងសុខាភិបាល ពីចំនួនប្រមាណ ៩០៣ ៣២១ លានរៀល ឬ សមមូលប្រមាណ ២២៤ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ២ ៦៧០ ០៤២ លានរៀល ឬ សមមូលប្រមាណ ៦៦៦ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៥​ពោលគឺ កើន ៣ ដង។ ជាមួយគ្នានេះ រដ្ឋាភិបាលបានបង្កើនថវិការបស់ ក្រសួងអប់រំ យុវជន និង កីឡា​ ពីចំនួនប្រមាណ ១ ១៣២ ៥៥៦ លានរៀល ឬ សមមូលប្រមាណ ២៨១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៣ រហូតដល់ប្រមាណ ៤ ៣៩៣ ៨០៥ លានរៀល ឬ សមមូលប្រមាណ ១ ០៩៥ លានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ ២០២៥​ ពោលគឺ កើនប្រមាណ ៤ ដង​ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ។ ​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អែកស្រុក និងសាលារៀនចំនួន ២ ខ្នង ក្នុងស្រុកពញាឮ ខេត្តកណ្តាល​នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦​។

អគារមន្ទីរពេទ្យបង្អែកស្រុកពញាឮ ដែលនឹងត្រូវសាងសង់ឡើងវិញ មានកម្ពស់ ៤ ជាន់ ទទឹង ៣០ ម៉ែត្រ និងបណ្តោយ ៥០ ម៉ែត្រ ព្រមទាំងបំពាក់ដោយប្រព័ន្ធទំនើបៗដូចជា ម៉ាស៊ីនត្រជាក់ ប្រព័ន្ធការពារអគ្គីភ័យ កាមេរាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធើណេត។ ចំណែកអគារសិក្សាថ្មីទាំងពីរខ្នង មួយខ្នងស្ថិតក្នុងបរិវេណវិទ្យាល័យទេពប្រណម្យ និងមួយខ្នងទៀតស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ដោយអគារនីមួយៗមានកម្ពស់ ៣ ជាន់ ទទឹង ៩ ម៉ែត្រ បណ្តោយ ៤៥.៥ ម៉ែត្រ និងមាន ១៥ បន្ទប់។
ការសាងសង់នេះធ្វើឡើងបន្ទាប់ពីអគារចាស់ៗមួយចំនួននៃមន្ទីរពេទ្យ និងសាលារៀនទាំងពីរ បានទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារត្រូវបានសាងសង់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម្ល៉េះ ហើយអគារមន្ទីរពេទ្យក៏រងការខូចខាតដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរខេត្តកណ្តាល ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម។

ឯកឧត្តមបានគូសបញ្ជាក់ថា ការសាងសង់អគារថ្មីទាំងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តលើកកម្ពស់ និងពង្រឹងគុណភាពវិស័យសុខាភិបាល និងវិស័យអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី ១។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចខេត្តកណ្តាលឱ្យកាន់តែប្រសើរឡើង។

បើតាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អគារខ្លះនៃមន្ទីរពេទ្យបង្អែកស្រុកពញាឮនេះ ត្រូវបានសាងសង់ឡើង តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មកម៉្លេះ​ ខណៈអគារថ្មីបន្ថែម ក៏ត្រូវបានកសាង ជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការជាក់ស្តែង របស់ បង​ប្អូនប្រជាពលរដ្ឋដែលចេះតែបន្តកើន ជាលំដាប់ ។ ជាក់ស្តែង​ អគារ «ក»​ រួមមាន៖ ផ្នែកសម្រាប់អ្នកជំងឺសម្រាក, ផ្នែកចុះឈ្មោះ, ផ្នែកពិគ្រោះជំងឺក្រៅ និង ផ្នែកសង្គ្រោះបន្ទាន់​ ដែលត្រូវបានសាងសង់ ក្នុងឆ្នាំ ១៩៨៨​ មានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង ទោះត្រូវបានជួសជុល ជាបន្តបន្ទាប់ក្តី​ ហើយដំបូលរបស់អគារ ត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិ (ខ្យល់កន្ត្រាក់) នាថ្ងៃទី២៩ ខែ​​ឧសភា ឆ្នាំ ២០២៦ កន្លងទៅ រហូតមិនអាចបន្ត ប្រើប្រាស់ទៀតបាន។

ដោយឡែក​ អគារនៃវិទ្យាល័យទេពប្រណម្យ និង វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ ក៏មានលក្ខណៈស្រដៀងគ្នានឹងអគារមន្ទីរពេទ្យបង្អែកស្រុកពញាឮ ផងដែរ ដោយអគារខ្លះមានសភាពទ្រុឌទ្រោមជាខ្លាំង ពីព្រោះ អគារទាំងនោះ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ មក៕