ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង១៣ និង២៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង១២ និង២៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីអញ្ជើញចូលរួមកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក ដែលនឹងប្រារព្ធធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដែលជាការតបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចតប្រកបដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋានអន្តរជាតិប៉េកាំង ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់បំផុតពី ឯកឧត្តម វ៉ាង យ៉ាជុន អនុរដ្ឋមន្រ្តីនៃគណៈទាក់ទង ការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបពិភាក្សា ការងារជាមួយ ឯកឧត្តម
ស៊ី ជីនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី០១ ខែធ្នូ មុនពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានាលើពិភពលោក ដែលគ្រោងប្រារព្ធធ្វើឡើងនៅថ្ងៃដដែលនោះដែរ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃកិច្ចសន្ទនាកម្រិតខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោបាយនានា លើពិភពលោក ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភពលោកស្រស់ត្រកាល ការទទួលខុសត្រូវរបស់គណបក្សនយោបាយ» រួមទាំងការអញ្ជើញទស្សនកិច្ចតំបន់ប្រវត្តិសាស្រ្តមួយចំនួន ក្នុងរដ្ឋធានីប៉េកាំង និងជួបជាមួយបណ្តាក្រុម ហ៊ុនចិនមួយចំនួន ដែលកំពុងវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕