ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS


នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា អមដំណើរដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូចេញទៅចូលរួមកិច្ចប្រជុំលើក​ដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (CNCLOS) ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

គណៈកម្មការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុ​សញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) នឹងរៀបចំកិច្ចប្រជុំលើក​ដំបូង​ជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។

សុន្ទរកថាបើករបស់ភាគីទាំងពីរ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា វេលា​ម៉ោង ៨៖០០ ម៉ោងនៅកម្ពុជា (ត្រូវនឹងម៉ោង ៩:០០ ម៉ោងក្នុងប្រទេសសិង្ហបុរី) ហើយនឹង​បើក​ផ្សាយដោយផ្ទាល់ជាសាធារណៈជាភាសាខ្មែរ អង់គ្លេស និងថៃ។ សុន្ទរកថាបើករបស់​កម្ពុជា នឹងថ្លែងដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។

ក្រសួងការបរទេសកម្ពុជា បានចាត់ទុកកិច្ចប្រជុំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតក្នុង​ដំណើរតាមសន្តិវិធីដែលកម្ពុជា​បានផ្ដួច​ផ្ដើមឡើង ដើម្បីដោះស្រាយទំនាស់លើដែនសមុទ្រ​រវាងប្រទេសទាំងពីរ។ កម្ពុជាបានងាក​ទៅរក​ការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីប្រទេសថៃ បាន​បញ្ចប់ដោយឯកតោភាគីនូវ​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀងទ្វេភាគី ដែលប្រទេសទាំងពីរបានប្រើ​ជា​មូលដ្ឋានសម្រាប់ការចរចាលើការ​ទាម​ទារ​តំបន់សមុទ្រត្រួតគ្នាអស់រយៈ​ពេលជាង​ពីរ​ទសវត្សរ៍មកហើយ។

តាមក្រសួងការបរទេសកម្ពុជា បានគូសរំលេចថា ការផ្សះផ្សាដោយបង្ខំក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS ពុំមែនជាដំណើរ​ការ​វិនិច្ឆ័យ ដោយក្នុងនោះមានគណៈកម្មការអព្យាក្រឹតមួយ ជួយដល់ភាគីទាំងពីរក្នុងការ​ស្វែង​រក​ដំណោះស្រាយតាមសន្តិវិធី។ យន្តការនេះធ្លាប់ត្រូវបានប្រើប្រាស់ដោយជោគជ័យ​ពីមុន​មករវាងប្រទេសទីម័រឡស្រ្ត និងអូស្ត្រាលី ដែលការផ្សះផ្សារបានឈានដល់ការចុះហត្ថ​លេ​ខា​លើសន្ធិសញ្ញាបង្កើតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរក្នុងឆ្នាំ២០១៨។

កម្ពុជាសង្ឃឹមថា ដំណើរការនេះអាចជួយកម្ពុជា និងថៃ ឱ្យឈានដល់ដំណោះស្រាយដ៏​យុត្តិធម៌ និងយូរអង្វែងចំពោះទំនាស់លើដែនសមុទ្ររបស់ប្រទេសទាំងពីរ រួមទាំងឱកាស​ក្នុង​ការរុករកធនធនធានប្រេង និងឧស្ម័នដ៏ច្រើននៅក្នុងតំបន់ទាមទារត្រួតគ្នា ដើម្បីផល​ប្រយោជន៍របស់ប្រទេសទាំងពីរ នៅក្នុងពេលដ៏សំខាន់មួយសម្រាប់សន្តិសុខ​ថាមពល​ក្នុង​តំបន់។

កម្ពុជាជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់​ការដោះស្រាយ​ជម្លោះ​រវាង រដ្ឋនានាដោយសន្តិវិធី។ កម្ពុជាចូលរួមក្នុងដំណើរការនេះដោយសុចរិត និង​ក្នុង​ស្មារតីសហប្រតិបត្តិការ ដោយមានទំនុកចិត្តពេញលេញចំពោះ​គណៈកម្មការផ្សះផ្សានេះ។

សូមបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS មានសមាស​ភាព​អ្នកផ្សះផ្សាឯករាជ្យចំនួនប្រាំរូប។ កម្ពុជាបានតែងតាំង​ឯកអគ្គ​រដ្ឋទូត Peter Taksøe-​Je​n​sen ជនជាតិដាណឺម៉ាក និងសាស្ត្រាចារ្យ Jean-Marc Thouvenin ជនជាតិបារាំង។ ប្រទេសថៃ បានតែងតាំងចៅក្រម Rudiger Wolfrum ជនជាតិអាល្លឺម៉ង់ និង Albert Hoffmann ជនជាតិអាហ្វ្រិកខាងត្បូង ជាអ្នកផ្សះផ្សា។

រីឯលោកស្រី Katrina Cooper ជនជាតិអូស្ត្រាលី ត្រូវបានជ្រើសតាំង ជាប្រធាន​គណៈកម្មការផ្សះផ្សា។

ការដែលនាំឱ្យមានការប្រើយន្តការផ្សះផ្សាដោយបង្ខំនេះ កើតមានក្រោយពេលថៃ លុប​ចោល​អនុស្សារណៈយោគយល់ឆ្នាំ២០០១ ស្តីពីដំណោះស្ថាយលើបញ្ហាសមុទ្រ ជាពិសេស​តំបន់ត្រួតស៊ីគ្នា ដែលជាយន្តការទ្វេភាគី។ យន្តការផ្សះផ្សានេះ ជាការជជែកលើបញ្ហា​ដែន​សមុទ្ររវាងកម្ពុជា និងថៃ ដែលមិនទាន់បានច្បាស់លាស់រវាងគ្នា។

ក្រោយរាជរដ្ឋាភិបាលថៃ របស់លោក អានុទីន លុបអនុស្សារៈនៅថ្ងៃ៥ ខែឧសភា ឆ្នាំ​២០២៦​ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជជែក​ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បោះជំហានភ្លែតទៅកាន់តុ​អង្គការ​សហប្រជាជាតិ ដែលកម្ពុជាចាត់ទុកជាឱកាសមាសសម្រាប់​ដោះស្រាយ​បញ្ហា​រ៊ាំរ៉ៃមួយនេះ។

ក្រោយសម្រេចឡើងទៅអង្គការសហប្រជាជាតិហើយនោះ កម្ពុជា មិនបង្អង់នីតិវិធីនោះទេ គឺបានជ្រើសរើសអ្នកជំនាញច្បាប់អន្តរជាតិជាតំណាងដើម្បីតតាំង។ ផ្សះផ្សាដោយបង្ខំ មាន​ន័យថា ជាកាតព្វកិច្ច ទោះមិនចង់ក៏ត្រូវតែឡើងដែរ ដូច្នេះភាគីថៃ ទោះមិនរីករាយនឹង​យន្ត​ការ UNCLOS នេះ ក៏ត្រូវតែឡើងជាមួយកម្ពុជា៕