ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ


នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ចក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងនៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីគ្រប់ក្រសួង ស្ថាប័ន និងក្រុមការងារនៃការដ្ឋានកែទម្រង់ទាំង៥ ជាច្រើនរូប។

គោលបំណងចម្បងនៃកិច្ចប្រជុំនាព្រឹកនេះ គឺដើម្បីត្រួតពិនិត្យ វាយតម្លៃ និងពិភាក្សាលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការ ព្រមទាំងដាក់ចេញនូវទិសដៅបន្ត សំដៅជំរុញការអនុវត្ត វិធានការគន្លឹះទី២ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ វិធានការនេះ ផ្តោតជាសំខាន់លើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធក្រសួង ស្ថាប័នឡើងវិញ ដើម្បីលុបបំបាត់ភាពត្រួតស៊ីគ្នានៃតួនាទី ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានមនុស្សនៅក្នុងរដ្ឋបាលសាធារណៈ ឈរលើអភិក្រម «ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយ»។

សូមជម្រាបជាថ្មីថា កិច្ចការងារលើកកម្ពស់អភិបាលកិច្ច និងការកែទម្រង់ស្ថាប័នរដ្ឋ គឺជាការងារអាទិភាព និងជាស្នូលនៃ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវវឌ្ឍនភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព៕