សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា មន្ទីរពេទ្យហ្លួងម៉ែ បានកើតឡើងក្រោមគម្រោងហិរញ្ញវត្ថុផ្ទាល់របស់រាជរដ្ឋាភិបាល និងជាគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បំពាក់ដោយឧបករណ៍បរិក្ខារទំនើបៗកម្រិតស្តង់ដារអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់វិស័យសុខភាពសាធារណៈនៅកម្ពុជា ថែមមួយកម្រិតទៀត តាមរយៈការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែគ្រប់ជ្រុងជ្រោយ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យហ្លួងម៉ែ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធដែលបានរួបរួមគ្នាជាធ្លុងមួយរៀបចំ កែលម្អ សាងសង់មន្ទីរពេទ្យហ្លួងម៉ែនេះចប់សព្វគ្រប់ប្រកបដោយគុណភាព សោភ័ណភាព ស័ក្តិសមជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការបង្កើតបានមន្ទីរពេទ្យហ្លួងម៉ែនេះគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ តាមរយៈការចូលរួមចំណែកព្យាបាលជំងឺមហារីក ដែលជាជំងឺរ៉ាំរ៉ៃ ជាជំងឺដែលបំផ្លាញទ្រព្យសម្បត្ដិ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា បើតាមឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរាយការណ៍មកថា បើទៅព្យាបាលនៅក្រៅប្រទេសយ៉ាងហោចណាស់ក្នុងម្នាក់ក៏ត្រូវចំណាយ ៨ម៉ឺនដុល្លារអាម៉េរិក តែការវិនិយោគនៅទីនេះ រដ្ឋជាអ្នកចេញលុយច្រើន ដើម្បីកាត់បន្ថយនូវតម្លៃជូនប្រជាពលរដ្ឋ ដែលបានមកពិនិត្យ ព្យាបាលមកទីនេះដោយមើលម្តង ៣០ដុល្លារ មើលប៉ុន្មាដងយើងមិនដឹងទេ ប៉ុន្តែមិនអស់ ៨-៩ម៉ឺនដុល្លារទេ នេះបានន័យប្រជាពលរដ្ឋរបស់យើងអាចមកទីនេះបាន។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ផងដែរថា មន្ទីរពេទ្យមួយនេះបានដើរតួនាទីចាប់ផ្តើមដំបូងជាមន្ទីរពេទ្យដែលគ្រោងផ្តល់នូវសេវាជូនស្ត្រី បានប្រែក្លាយនៅក្នុងដំណាក់កាលលំបាកទៅជាកន្លែងសង្គ្រោះជីវិតមនុស្សនៅក្នុងសម័យកូវីដ ហើយឥឡូវបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីបន្តព្យាបាល និងពិគ្រោះយោបល់ក៏ដូចជាព្យាបាលជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ ពេទ្យហ្លួងម៉ែ ក៏ដូចជាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យថ្នាក់ខេត្ត រាជធានី ពេទ្យបង្អែកស្រុក មណ្ឌលសុខភាពសុទ្ធតែជាអង្គភាពដែលសំខាន់ ដែលដើរតួនាទីសំខាន់សម្រាប់ជួយធានាសុខភាពរបស់ប្រជាពលរដ្ឋ ពង្រឹង និងព្យាបាល កាត់បន្ថយនូវបន្ទុកសម្រាប់ខ្លួន និងគ្រួសារ ហើយប្រែប្រួលទៅជាទ្រព្យនៃសុខភាពដ៏មាំមួន អាចបង្កើនសេដ្ឋកិច្ច បង្កើតអនាគតរបស់ខ្លួន។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការសម្ពោធនូវសមិទ្ធផលថ្ងៃនេះ គឺជាការចូលរួមអបអរសាទរនូវការខិតខំប្រឹងប្រែងរួមគ្នាដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែនបានដាក់ចេញតាំងពីអាណត្តិមុនក្រោយបញ្ចប់កូវីដ-១៩ ឱ្យកសាង ហើយរាជរដ្ឋាភិបាលអាណត្តិនេះបានបន្តកសាងបបញ្ចប់បេសកកម្មនេះ។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ «ការចូលរួមរបស់ក្រសួងសុខាភិបាល របស់មន្ទីរពេទ្យ និងរបស់បុគ្គលិកទាំងអស់នៅក្នុងការជំរុញអង្គភាពសុខាភិបាលមួយនេះ គឺដើម្បីជាបេសកកម្មជូនជាតិ និងជូនប្រជាជនរបស់យើង ក៏ដូចជាការអបអរសាទរនូវវឌ្ឍនភាពនៅក្នុងវិស័យសុខាភិបាលរបស់យើងនៅក្នុងរយៈពេលកន្លងមក»៕