លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើក «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ក្រោមក្រោមវត្តមានរបស់លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ ពីបណ្តាប្រទេសជាសមាជិកអាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជនសំខាន់ៗ។
បន្ទាប់មកលោកជំទាវ ចម និម្មល បានដឹកនាំគណៈប្រតិភូកម្ពុជា និងអញ្ជើញជាអធិបតីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នៅ Zone D នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា ចូលរួមសរុបចំនួន៥០ ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍។ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។
សូមជម្រាបជូនផងដែរថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» (The 23rd China-ASEAN Expo) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងជំរុញ ការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងប្រទេសជាសមាជិកអាស៊ានទាំងអស់។
ពិព័រណ៍នេះ មានការដាក់បង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងមានការរៀបចំជំនួបធុរកិច្ច (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ៕



































































