នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ៤៤១នាក់ ប្រចាំមន្ទីរពេទ្យកាល់ម៉ែត ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្ដែងការស្វាគមន៍ ចំពោះសមាជិក សមាជិកា ដែលទើបនឹងជ្រើសរើសថ្មី និងសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាថ្មី នៃមន្ទីរពេទ្យកាល់ម៉ែត នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី នឹងធ្វើឱ្យការងារសង្គម មនុស្សធម៌ និងបេសកកម្មនានា របស់ក្រុមការងារ កាន់តែមានផ្លែផ្កាយ៉ាងល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្ដថា «ការចូលរួមរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតនាពេលនេះ គឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្តក្នុងសកម្មភាពមនុស្សធម៌ ហើយក៏ជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញ និងលើកកម្ពស់សុខុមាលភាពសាធារណៈ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ រាល់ការលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធនធានពីសំណាក់អ្នកស្ម័គ្រចិត្ត គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយបានក្លាយជាបេះដូងនៃបេសកកម្មមនុស្សធម៌នានា»។
«លើសពីនោះការចូលរួមរបស់ក្រុមការងារស្ម័គ្រចិត្ត មិនត្រឹមតែជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយចំណេះដឹងសុខភាព ការផ្តល់សេវាថែទាំបឋម និងការគាំទ្រដល់ជនងាយរងគ្រោះ។ នេះឆ្លុះបញ្ចាំងពីគោលបំណងចម្បង និងស្មារតីសាមគ្គីភាពដែលក្រុមការងារស្ម័គ្រចិត្តតែងតែប្រកាន់ខ្ជាប់ ដើម្បីធានាបាននូវសុខភាពល្អប្រសើរសម្រាប់ប្រជាជនគ្រប់រូប»។
ជាមួយគ្នានេះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ក្នុងការបំពេញភារៈកិច្ចការងារ ប្រកបដោយការទទួលខុសត្រូវ ដោយសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ ហើយការរីកធំធាត់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត គឺបានសម្រាលបន្ទុកប្រទេសជាតិ តាមរយៈផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជូនប្រជាជនដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន បរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកដែលត្រូវការឈាមដើម្បីរស់រានមានជីវិត ផ្សព្វផ្សាយអប់រំជំវិញបញ្ហាសុខភាព និងការងារមនុស្សធម៌ជាច្រើនទៀត មិនត្រឹមតែធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិ មានសុខសន្តិភាពទេ ប៉ុន្តែនៅពេលដែលប្រទេសជាតិ និងប្រជាជនជួបប្រទះនូវការលំបាក ឬត្រូវការក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ឯកឧត្ដម ហ៊ុន ម៉ានី តែងបានចូលចំណែក និងខ្នះខ្នែងជួយទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន ដែលនេះបានបង្ហាញពីឆន្ទៈដ៏មោះមុត របស់ក្រុមគ្រូពេទ្យក្នុងការបម្រើប្រទេសជាតិ និងប្រជាជន។
នាឱកាសនោះលោកសាស្ត្រាចារ្យ គង់ សន្យា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី, ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ប្រចាំមន្ទីរពេទ្យកាល់ម៉ែត និងជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បានដំណើរការចាប់តាំង ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ដែលមានសមាជិកដំបូងត្រឹមតែ១២នាក់ និងបានពង្រីកខ្លួនរហូតមកដល់បច្ចុប្បន្នមានសមាជិក សមាជិកា ចំនួន ៣៦ម៉ឺននាក់ និងដោយសារមន្ទីរពេទ្យកាល់ម៉ែត មមាញឹកខ្លាំងជាមួយការទទួលខុសត្រូវរបស់ខ្លួន ទើបមន្ទីរពេទ្យបានចូលរួមជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងឆ្នាំ២០១៦ ជាមួយសមាជិកចំនួន១៣នាក់។
លោកសាស្ដ្រាចារ្យបានបន្តថា ទោះបីសមាជិកចូលរួមមានចំនួនតិចក៏ដោយ ក៏សមាជិកក្រុមគ្រូពេទ្យពីមន្ទីរពេទ្យកាល់ម៉ែត បានចូលរួមក្នុងសកម្មភាពជាច្រើនមានដូចជា៖ ការផ្តល់សេវាពិនិត្យ និងព្យាបាលជូនអ្នកជំងឺ និងប្រជាពលរដ្ឋពុំសូវមានលទ្ធភាព ដោយឥតគិតថ្លៃ ការផ្សព្វផ្សាយអប់រំសុខភាពវគ្គសង្រ្គោះបឋម ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្ត និងការចុះបេសកកម្ម តាមការឧទ្ទេសនាម របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការរជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេសដោយស្ម័គ្រចិត្ត រហូតមកដល់សព្វថ្ងៃនេះ។
ដូច្នេះលោកសាស្ត្រាចារ្យ គង់ សន្យា បានសម្ដែងនូវសេចក្តីសោមស្សរីករាយក្រៃលែង និងកិត្តិយសបំផុត ដែលឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាថ្ងៃនេះបានអនុញ្ញាតបញ្ចូលក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត ចំនួន៤៤១នាក់បន្ថែមទៀត ក្នុងចំណោមក្រុមគ្រូពេទ្យសរុប ត្រូវបញ្ចូលចំនួន ១,៨០២នាក់ បានចូលជាសមាជិក នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងគ្រោងបញ្ចូលជាបន្តបន្ទាប់សម្រាប់ក្រុមគ្រូពេទ្យថ្មី។
ក្នុងពិធីសំណេះសំណាលខាងលើនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារដ៏សកម្ម និងលទ្ធផលការងារសម្រេចបាន ក្នុងរយៈកាលកន្លងមករហូតដល់បច្ចុប្បន្នរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាសកម្មភាពក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ ស្ដែងចេញពីសេចក្តីស្រឡាញ់អាណិត ដល់បងប្អូនប្រជាពលរដ្ឋជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ និងខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ ស្មោះស្ម័គ្ររួមគ្នាអនុវត្តការងារដោយមិនខ្លាចនឿយហត់នៅក្នុងគោលដៅតែមួយ គឺការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញតម្រង់ទិសដោយផ្ទាល់ច្បាស់លាស់ ពីឧបនាយរដ្ឋមន្ត្រី ដែលតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈ។
ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងសុខាភិបាល ដែលជាអ្នកមានភារកិច្ចបម្រើសេវាថែទាំព្យាបាលប្រជាពលរដ្ឋឱ្យមានសុខភាពល្អ ដើម្បីសម្រេចគោលដៅនៃការកសាងមូលធនមនុស្សនៅកម្ពុជា និងសម្រេចបានកំណើនសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា លោកសូមបន្តកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ដែលជាកម្លាំងចលករដ៏មានឋាមមពលក្នុងសកម្មភាពការងារជួយបំពេញបន្ថែម លើការបម្រើសេវាសុខាភិបាលរបស់រដ្ឋនៅតាមបណ្តាមូលដ្ឋានផ្សេងៗ និងនៅតាមតំបន់ដាច់ស្រយាល តាមខ្នងផ្ទះឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕





























