លោកជំទាវ ឃួន ឃុនឌី ក្រើនរំលឹកក្រុមការងារគណបក្សប្រជាជនកម្ពុជា រក្សាសាមគ្គីភាពដើម្បីជ័យជម្នះការបោះឆ្នោត


លោកជំទាវ ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានក្រើនរំលឹកយ៉ាងទទូចដល់ក្រុមការងារគណបក្សទាំងអស់ ឲ្យរក្សានូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅជ័យជម្នះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ។

ការក្រើនរំលឹកនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។ លោកជំទាវបានសង្កត់ធ្ងន់ថា ការរក្សាសាមគ្គីភាពរឹងមាំ គឺជាកត្តាស្នូលដ៏សំខាន់សម្រាប់ក្រុមការងារគណបក្ស ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ និងជ័យជម្នះដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ លោកជំទាវបានបន្ថែមថា គោលបំណងរបស់យើងគឺតែមួយ គឺយើងជិះទូកតែមួយ ក្រោមដំបូលតែមួយ ដូច្នេះរាល់បញ្ហាណាមួយកើតឡើង ត្រូវតែរួមគ្នាគិត រួមគ្នាដោះស្រាយ ជៀសវាងការស្តីបន្ទោសគ្នាទៅវិញទៅមក ជាពិសេសក្រុមការងារគណបក្សមូលដ្ឋាន ដែលទាមទារឲ្យមានការលើកទឹកចិត្តបន្ថែមទៀត។

លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន រួមទាំងបងប្អូនប្រជាពលរដ្ឋដែលធ្វើចំណាកស្រុកទៅធ្វើការនៅឆ្ងាយ ដែលតម្រូវឲ្យអាជ្ញាធរមូលដ្ឋានត្រូវទាក់ទងឲ្យបានទាន់ពេលវេលា ដើម្បីធានាថាពួកគាត់មានឯកសារគ្រប់គ្រាន់សម្រាប់ការបោះឆ្នោត។ នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងជំរុញ និងលើកទឹកចិត្តឲ្យពួកគាត់បានបោះឆ្នោតនាពេលខាងមុខ។ លោកស្រីក៏បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងសហការគ្នាយ៉ាងរលូន ដោយភ្ជាប់ជាមួយផែនការសកម្មភាព និងការចំណាយប្រកបដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ លោកជំទាវក៏បានជម្រាបជូនពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលថ្នាក់ដឹកនាំកំពុងដោះស្រាយដោយសន្តិវិធី និងគោរពតាមយន្តការអន្តរជាតិ។ ក្រោយកិច្ចប្រជុំ លោកជំទាវបានបន្តចុះពិនិត្យមើលវឌ្ឍនភាពការកសាងទីស្នាក់ការគណបក្សស្រុកកំពង់ស្វាយ ដែលមកទល់ពេលនេះសម្រេចបានលទ្ធផល ៥០%៕