ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តកណ្ដាល ផ្ដល់រង្វាន់ម៉ូតូអគ្គិសនីម្នាក់មួយគ្រឿងដល់សិស្សជាប់និទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន៤៨នាក់


ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងអធិការកិច្ច ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នាថ្ងៃទី១៩ ខែកញ្ញឆ្នាំ២០២៦ បានសំណេះសំណាល និងជូនរង្វាន់ម៉ូតូអគ្គីសនីម្នាក់១គ្រឿង ដល់ជ័យលាភីសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ក្នុងក្រុងតាខ្មៅ ចំនួន៤៨នាក់ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សា និងជំរុញឱ្យក្មួយៗបន្តការសិក្សានៅកម្រិតឧត្តមសិក្សា ប្រកបដោយសមត្ថភាព និងទំនុកចិត្ត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានសម្តែងសេចក្តីសោមនស្សរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ដោយចាត់ទុកថា ភាពជោគជ័យនេះមិនត្រឹមតែជាមោទនភាពរបស់សិស្សផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាលារៀន និងខេត្តកណ្ដាលទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល ដែលបានចូលរួមបង្កើតបរិយាកាសល្អសម្រាប់ការសិក្សា និងជំរុញក្មួយៗឱ្យអភិវឌ្ឍន៍ទាំងចំណេះដឹង សីលធម៌ និងគុណធម៌។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តកណ្ដាលទទួលបានលទ្ធផលលេចធ្លោនៅទូទាំងប្រទេស ដោយមានសិស្សទទួលបាននិទ្ទេស A ចំនួន ១៨៦នាក់ និងទទួលបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។

ក្រៅពីការអបអរសាទ រចំពោះលទ្ធផលដ៏ល្អប្រសើរនេះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ កុំឱ្យបញ្ឈប់ការខិតខំត្រឹមការប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ប៉ុន្តែត្រូវយកសមិទ្ធផលនេះធ្វើជាមូលដ្ឋានសម្រាប់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ពីព្រោះការអភិវឌ្ឍប្រទេសជាតិ គឺមិនអាចខ្វះធនធានមនុស្សដែលមានចំណេះដឹង សមត្ថភាព និងសីលធម៌ល្អបានឡើយ។ កាលណាធនធានមនុស្សរបស់យើងកាន់តែមានចំណេះដឹង ជំនាញ និងសមត្ថភាពខ្ពស់ ប្រទេស និងសង្គមជាតិរបស់យើងក៏កាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យក្មួយៗចេះកំណត់គោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ ជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ និងសមស្របនឹងសមត្ថភាព ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯង ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ ជាពិសេសនោះគឺត្រូវតែបន្តខិតខំអភិវឌ្ឍន៏សមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ឲ្យទាន់សម័យកាល។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ជាពិសេសក្រុមការងារក្រុងតាខ្មៅ ដែលបានឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូកន្លងមក។ ជាពិសេសនោះ លោកអភិបាលខេត្ត ក៏បានស្នើឱ្យមាតាបិតា អាណាព្យាបាល សូមបន្តចូលរួមលើកទឹកចិត្ត និងគាំទ្រក្មួយៗឱ្យបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ ព្រោះការអភិវឌ្ឍធនធានមនុស្ស គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពរីកចម្រើនរបស់ប្រទេសជាតិ។

បេក្ខជននិទ្ទេស A មកពីសាលាអន្តរជាតិវេសលេនដ៍សាខាក្រុងតាខ្មៅ ក៍បានបង្ហាញពីអារម្មណ៍ត្រេកអរចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំខេត្តកណ្ដាលដែលបានខិតខំអប់រំណែនាំតម្រង់ទិសដល់សិស្សានុសិស្សទាំងអស់ និងសប្បាយចិត្តបំផុតចំពោះរង្វាន់ជាទីគាប់ចិត្តមួយនេះផងដែរ និងសច្ចាថានឹងខិតខំសិក្សារៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ដើម្បីច្នៃខ្លួនឲ្យមានគុណភាព មានសមត្ថភាព និងក្រមសីលធម៍ផងដែរ ពិសេសគឺដើមបីចូលរួមកសាងប្រទេសជាតិឲ្យរីកចម្រើន អភិវឌ្ឍន៍ទៅមុខជាលំដាប់៕