ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតី ក្នុងទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ» ដែលទិវានេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង។
ទិវាសំអាតពិភពលោកធ្វើឡើងដើម្បីជំរុញឱ្យមានការចូលរួមសំអាតសំណល់ប្លាស្ទិក និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់ នៃការកើនឡើងបរិមាណសំណល់ប្លាស្ទិកលើភពផែនដី និងគាំទ្រដល់ចក្ខុវិស័យ នៃយុទ្ធនាការរបស់ក្រសួងបរិស្ថាន «ស្អាត បៃតង និងចីរភាព»។ យុទ្ធនាការនេះ នឹងចូលរួមគាំទ្រដល់គោលបំណង នៃគម្រោងសេដ្ឋកិច្ចចរន្តប្លាស្ទិករបស់ UNDP តាមរយៈការកាត់បន្ថយប្រមូល បែងចែក កែច្នៃ និងគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ។
ឯកឧត្តម សុខ លូ បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបង្ហាញទស្សនៈវិស័យក្នុងការរៀបចំក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបានដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តមបានក្រើនរំឭកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។
រដ្ឋបាលខេត្តបាត់ដំបង បានចាប់ផ្ដើមបើកយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» នៅគ្រប់ ក្រុង-ស្រុកទូទាំងខេត្តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤រហូតមក។ យុទ្ធនាការនេះ បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ដើម្បីបណ្ដុះស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ សំដៅលើកកម្ពស់សោភ័ណភាពបរិស្ថានបៃតង និងទុកជាគុណប្រយោជន៍សម្រាប់អ្នកជំនាន់នេះ និងអ្នកជំនាន់ក្រោយផងដែរ៕
























