ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រស្ដីពី ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ឆ្នាំ២០២៦-២០៣៣។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន ក៏បានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដែលក្រុមការងារបច្ចេកទេសបានរៀបចំ ព្រមទាំងបានចូលរួមផ្ដល់ធាតុចូល និងធ្វើការកែសម្រួលចំណុចខ្វះខាត ដើម្បីធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ និងក្រុមការងារបច្ចេកទេស ដែលបានខិតខំរៀបចំសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះឡើង ដើម្បីឱ្យក្លាយជាផែនទីបង្ហាញផ្លូវជាយុទ្ធសាស្ដ្រដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត ដើម្បីជំរុញឱ្យសហគមន៍ជនបទនៅកម្ពុជាមានការរីកចម្រើនកាន់តែឆាប់រហ័ស។
ជាថ្មីម្ដងទៀត ឯកឧត្តមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ជូនដល់ក្រុមការងារបច្ចេកទេសឱ្យដាក់បញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕










