ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងថា កម្ពុជាមិនមែនគ្រាន់តែជាទឹកដីដែលមានប្រាសាទបុរាណ និងសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបប៉ុណ្ណោះទេ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា កម្ពុជាគឺជាទឹកដីកំណើតនៃវប្បធម៌ និងអរិយធម៌ខ្មែរ ដែលត្រូវបានកសាងបន្ត និងរក្សាទុកឆ្លងកាត់ប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ពីភាសា អក្សរសាស្ត្រ សាសនា សិល្បៈ ស្ថាបត្យកម្ម តន្ត្រី របាំ ទំនៀមទម្លាប់ រហូតដល់របៀបរស់នៅរបស់ប្រជាជន សុទ្ធតែបង្ហាញពីអត្តសញ្ញាណ និងភាពច្នៃប្រឌិតរបស់ជាតិខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ពាក្យថា «កម្ពុជាជាម្ចាស់វប្បធម៌ អរិយធម៌ខ្មែរ» មិនមែនមានន័យត្រឹមតែជាការអះអាងពីកម្មសិទ្ធិលើមរតកអតីតកាលទេ។ វាមានន័យជ្រាលជ្រៅជាងនេះ គឺខ្មែរជាអ្នកទទួលមរតកពីបុព្វបុរស និងជាអ្នកមានភារកិច្ចបន្តថែរក្សា ការពារ អភិវឌ្ឍ និងប្រគល់មរតកនេះទៅកាន់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អរិយធម៌ខ្មែរមានសក្ខីភាពរស់នៅពាសពេញទឹកដីកម្ពុជា។ ប្រាសាទអង្គរ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក សំណង់បុរាណ សិលាចារឹក និងស្នាដៃសិល្បៈរាប់មិនអស់ បង្ហាញថាបុព្វបុរសខ្មែរមានចំណេះដឹងខ្ពស់លើស្ថាបត្យកម្ម វិស្វកម្ម ប្រព័ន្ធធារាសាស្ត្រ តារាសាស្ត្រ សិល្បៈ និងការរៀបចំសង្គម។ ប៉ុន្តែអរិយធម៌ខ្មែរមិនរស់នៅតែក្នុងថ្មប្រាសាទទេ។ វានៅរស់ក្នុងភាសាខ្មែរ អក្សរខ្មែរ របាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង គុនល្បុក្កតោ សូត្ររឿងព្រេង ប្រពៃណីបុណ្យទាន និងទំនៀមទម្លាប់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអះអាងថា នេះជាភស្តុតាងថា វប្បធម៌ខ្មែរមិនមែនជាមរតកដែលត្រូវទុកឱ្យនៅស្ងៀមក្នុងសារមន្ទីរ។ វាជាមរតករស់ ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការធ្វើជាម្ចាស់មរតក មិនមែនមានន័យថាត្រូវតែមានមោទនភាពតែប៉ុណ្ណោះទេ។ ភាពជាម្ចាស់ត្រូវភ្ជាប់ជាមួយការទទួលខុសត្រូវ។ ប្រសិនបើយើងនិយាយថា វប្បធម៌ និងអរិយធម៌ខ្មែរជារបស់យើង យើងក៏ត្រូវសួរខ្លួនឯងថា តើយើងបានធ្វើអ្វីខ្លះដើម្បីការពារវា? តើយុវជនខ្មែរយល់ដឹងអំពីប្រវត្តិសាស្ត្រ ភាសា សិល្បៈ និងតម្លៃវប្បធម៌របស់ខ្លួនកម្រិតណា? តើយើងកំពុងប្រើបច្ចេកវិទ្យាឌីជីថល ដើម្បីផ្សព្វផ្សាយមរតករបស់យើង ឬទុកឱ្យមរតករបស់យើងត្រូវបានគេនិយាយជំនួស?
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា កម្ពុជាជាម្ចាស់វប្បធម៌ និងអរិយធម៌ខ្មែរ ព្រោះនេះជាមរតកដែលបុព្វបុរសខ្មែរបានបង្កើត និងបន្សល់ទុក។ យើងទទួលមរតកពីបុព្វបុរស។ យើងមានភារកិច្ចការពារវានៅជំនាន់របស់យើង។
ហើយយើងត្រូវប្រគល់វាឱ្យកូនចៅជំនាន់ក្រោយ ដោយមិនឱ្យបាត់បង់អត្តសញ្ញាណ និងតម្លៃរបស់វា។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសរំលេចថា វប្បធម៌ខ្មែរ ជាព្រលឹងរបស់ជាតិ។ អរិយធម៌ខ្មែរ ជាសក្ខីភាពនៃប្រវត្តិសាស្ត្រ។ ការពារ និងលើកតម្កើងវា គឺជាការការពារអត្តសញ្ញាណ និងអនាគតរបស់កម្ពុជា៕





