គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជួយបង្កើនល្បឿនការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព


ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធគេហទំព័រ មន្ទីរព័ត៌មានរាជធានី-ខេត្ត» ទាំង ២៥ ​ដែលជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយរបស់កម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

លោក សំបូរ វណ្ណរិទ្ធ តំណាងក្រុមការងារបច្ចេកទេសអនុវត្តគម្រោង បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់គេហទំព័ររួមនេះ គឺ​ដើម្បីឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គេហទំព័រទាំងនេះនឹងដើរតួជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការធានាបាននូវ «សន្តិសុខព័ត៌មាន» បង្កើនល្បឿននៃការផ្សព្វផ្សាយ តម្លាភាព និងជាខែលការពារយ៉ាងរឹងមាំក្នុងការវាយបក និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្រិតមូលដ្ឋាន។

​ក្រោមការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពីឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ ក្រុមការងារក្រសួងព័ត៌មានបានសហការយ៉ាងស្អិតរមួតជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំអភិវឌ្ឍន៍គេហទំព័រនេះឡើង រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា រួមមាន​ ការបង្កើតស្តង់ដាររួមតែមួយ (Unified Identity) ដោយប្រើប្រាស់ដែនសមត្ថកិច្ចជាតិរួម .info.gov.kh, ប្រព័ន្ធគ្រប់គ្រងមាតិកាកម្រិតខ្ពស់ (Government CMS) ដែលមានលក្ខណៈទំនើប ងាយស្រួលធ្វើបច្ចុប្បន្នភាពទិន្នន័យ និងមានប្រព័ន្ធការពារសុវត្ថិភាពឌីជីថលខ្ពស់ និងការកសាងសមត្ថភាពមន្ត្រី (Capacity Building) តាមរយៈវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ជូនដល់មន្ត្រីបង្គោលនៃមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ​គឺជាជំហានដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងតម្រូវការថ្មីនេះ។ តាមរយៈការបង្កើត «អត្តសញ្ញាណឌីជីថលរួម» (Unified Digital Identity) ក្រោមដែនជាតិ «.info.gov.kh» ​គឺកំពុងបង្កើតភាពងាយស្រួល ក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។ អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុកចិត្ត។

ឯកឧត្តមមានប្រសាសន៍បន្តថា «នៅក្នុងពិភពឌីជីថល ដែលព័ត៌មានមានច្រើនរាប់មិនអស់ ហើយព័ត៌មានពិត និងព័ត៌មានមិនពិតអាចរីករាលដាលក្នុងល្បឿនដូចគ្នា ដូច្នេះប្រជាពលរដ្ឋត្រូវការដឹងថា​ តើព័ត៌មាននេះមកពី?តើប្រភពនេះជាប្រភពផ្លូវការឬទេ? តើព័ត៌មាននេះអាចផ្ទៀងផ្ទាត់បានឬទេ? ដូច្នេះ គេហទំព័រផ្លូវការទាំង ២៥ នេះ ត្រូវក្លាយជាប្រភពដែលប្រជាពលរដ្ឋអាចចូលទៅស្វែងរកព័ត៌មានផ្លូវការ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន»

ការសម្ពោធដាក់ឱ្យប្រើប្រាស់គេហទំព័រនេះ គ្រាន់តែជាជំហានដំបូងនៃការបើកទំព័រប្រវត្តិសាស្ត្រថ្មីតែប៉ុណ្ណោះ។ ក្រុមការងារគម្រោងក៏បានកំណត់ទិសដៅយុទ្ធសាស្ត្រទៅអនាគត រួមមាន ការធ្វើសមាហរណកម្មពហុប្រព័ន្ធទៅកាន់បណ្តាញសង្គម កម្មវិធីទូរស័ព្ទដៃវ័យឆ្លាតរបស់ក្រសួងព័ត៌មាន (MoINFO App) និងប្រព័ន្ធផ្ទុកទិន្នន័យឌីជីថលជាតិ, ការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការវិភាគទិន្នន័យ និងការបំប្លែងសំឡេងទៅជាអត្ថបទ ឬអត្ថបទទៅជាសំឡេង និងការធានានិរន្តរភាពតាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំ និងការតាមដានការវិវត្តនៃបច្ចេកវិទ្យា ដើម្បីធានាថាព័ត៌មានពីមូលដ្ឋាន ត្រូវបានបង្ហូរចូលទៅក្នុងចរន្តព័ត៌មានជាតិក្នុងល្បឿនលឿន «ភ្លាមៗ និងទាន់ហេតុការណ៍»

លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិច ​​​បា​នគូសបញ្ជាក់ថា លោករដ្ឋមន្ត្រីទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ ដើម្បីធានាថាប្រព័ន្ធនេះមានគុណភាពខ្ពស់ ស្របតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាព។ គោលដៅចម្បងគឺធានាថាគ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវតែមានប្រព័ន្ធគេហទំព័រផ្លូវការ តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មានទំនើប។

ថ្នាល CMP ត្រូវបានអភិវឌ្ឍឡើងដោយក្រុមជំនាញរបស់ក្រសួង ប.ទ. ស្របតាមគោលការណ៍សំខាន់ៗនៃក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ថ្នាលនេះមានមុខងារសំខាន់ៗដូចជា ការប្រើប្រាស់បច្ចេកទេស Headless APIs សម្រាប់ការទាញយកមាតិកាទៅប្រើប្រាស់បន្តលើប្រព័ន្ធវិបសាយ ឬ Mobile App, មុខងារគ្រប់គ្រងមាតិកាដែលងាយស្រួល (No-Code Management) អនុញ្ញាតឲ្យមន្ត្រីព័ត៌មានអាចគ្រប់គ្រងការបញ្ចូលអត្ថបទ រូបភាព និងវីដេអូបានរហ័សដោយមិនទាមទារចំណេះដឹងសរសេរកូដ, និងការបែងចែកទិន្នន័យដាច់ដោយឡែក (Multi-tenancy) ជួយឲ្យស្ថាប័ននីមួយៗគ្រប់គ្រងទិន្នន័យរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងអាចពង្រីកបាន។

លោកបានឱ្យដឹងថា បន្ទាប់ពីការដាក់ឲ្យដំណើរការសាកល្បង (Soft Launch) ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ថ្នាល CMP បានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមាន៖ ចំនួនគេហទំព័របានកើនឡើងដល់ ៥១ គេហទំព័រ (រួមមាន មន្ទីរព័ត៌មាន ២៥ រាជធានី-ខេត្ត, មន្ទីរ ប.ទ. ២៤ រាជធានី-ខេត្ត, និងក្រសួងស្ថាប័ន ២)។ បរិមាណមាតិកាដែលបានផ្សព្វផ្សាយដោយមន្ទីរព័ត៌មានមានចំនួនសរុបជាង ១៤,៦១០ អត្ថបទ។ មន្ទីរព័ត៌មានខេត្តកំពង់ធំ ពោធិ៍សាត់ និងសៀមរាប គឺជាខេត្តដែលលេចធ្លោជាងគេក្នុងការប្រើប្រាស់ប្រព័ន្ធនេះ៕