សម្តេចភក្តី សាយ ឈុំ ទទួលជួបសំណេះសំណាលជាមួយសមាជិកគណបក្សមកពីសង្កាត់ចំនួន៤ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ


នារសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំ ៧មករា នៃវិមាន៧មករា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សមកពីសង្កាត់ច្បារអំពៅទី២, សង្កាត់និរោធ, សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចំនួនសរុប២០០នាក់ ប្រកបដោយក្តីសោមនស្សរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង ។

ចាប់ផ្តើមដោយការសាកសួរសុខទុក្ខ និងថ្លែងសរសើរ វាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការរបំពេញភារកិច្ចការងាររបស់រដ្ឋបាលនៃសង្កាត់ទាំង៤ ក្រោមការដឹកនាំរបស់គណបក្ស ហើយដែលរក្សាបាននូវសុខសន្តិភាព និងនាំមកនូវការរីកចម្រើនយ៉ាងច្រើននៅក្នុងមូលដ្ឋាន ។

សម្តេចប្រធានក្រុមការងារ បានជំរាបជូនអង្គពិធី អំពីរាល់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្សដឹកនាំសម្រេចបាន ដោយចាប់ពីបាតដៃទទេរហូតមានការរីកចម្រើនជឿនលឿនលើគ្រប់វិស័យមកដល់បច្ចុប្បន្ន ។

សម្តេច សំដែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន និងឆាប់រហ័ស នៅក្នុងគ្រប់មូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភំ្នពេញ ដែលបានរួមចំណែកយ៉ាងប្រត្យក្ស ដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ។ ការអភិវឌ្ឍរីកចម្រើន និងសមិទ្ធផលនានា ដែលយើងមាននាបច្ចុប្បន្នគឺធំធេង និងមហាសាល តែក៏មិនមានន័យថាគ្រប់គ្រាន់ហើយនោះទេ ដូច្នេះយើងត្រូវតែបន្តខិតខំតទៅទៀត សម្រាប់ជាមរតកដល់កូនចៅយើងតទៅមុខទៀត ។

សម្តេច រំលឹកពីមហាសោកនាដកម្ម វិនាសកម្ម និងផលវិបាកនៃ«សង្គ្រាម» ជាពិសេសសេចក្តីទុក្ខ និងការលំបាកវេទនារបស់ប្រជាជន ក្នុងអំឡុងរបបប្រល័យពូជសាសន៍ប៉ុលពត និងនារយៈពេលកន្លងទៅថ្មីៗនេះ មហាវិនាសកម្ម នៃសង្គ្រាមឈ្លានពានទឹកដី ដែលពួកចោរសៀម បាននិងកំពុងប្រព្រឹត្តយ៉ាងគឃ្លើន រំលោភបំពានមកលើដែនអធិបតេយ្យជាតិកម្ពុជាយើង។

ក្នុងឱកាសនេះដែរ សម្តេចក៏បានរំលឹក ពីមេរៀន បទពិសោធន៍ និងពីមូលហេតុ ដែលនាំឱ្យគណបក្សយើងតែងតែដណ្តើមបានជ័យជំនះជានិច្ចក្នុងគ្រប់តំណាក់កាលនៃការប្រកួតប្រជែងបោះឆ្នោតគ្រប់ថ្នាក់ និងក្នុងការអនុវត្តន៍កម្មវិធីនយោបាយរបស់គណបក្សកន្លងមក គឺ :

គណបក្ស មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំកំពូល ជាបិតាសន្តិភាព ជារដ្ឋបុរស និងជាអគ្គមគ្គុទេសឆ្នើមរបស់ប្រទេសជាតិ ។

គណបក្ស មានកម្មវិធីនយោបាយត្រឹមត្រូវស្របតាមសភាពការណ៍ជាក់ស្តែងនៃតំណាក់កាលនីមួយៗរបស់ប្រទេសជាតិ និងមានគោលនយោបាយចម្រុះច្រើនវិស័យទៀត សម្រាប់គាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់បក្សឱ្យទទួលបានជោគជ័យ ។

បរិមាណសមាជិកគណបក្សមានចំនួនច្រើនលើសលប់ និងប្រកបដោយគុណភាព ។

មានជួរមន្ត្រីដែលមានសមត្ថភាព គុណភាព និងសម្បូរណ៍ដោយបទពិសោធន៍ការងារ ។

មានប្រជាជន មហាជន គ្រប់ស្រទាប់វណ្ណៈ ទាំងនៅក្នុងប្រទេស ទាំងក្រៅប្រទេសស្រឡាញ់ និងគាំទ្រគណបក្ស ។

និងមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់កម្ពុជាយើង ។ មុនបញ្ចប់ការសំណេះសំណាល សម្តេចប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ ឱ្យយកចិត្តទុកដាក់ និងប្រឹងប្រែងសម្រេចការងារមួយចំនួន :

១- ចំពោះសភាពការណ៍បច្ចុប្បន្ន សូមបង្កើនស្មារតី«សាមគ្គីជាតិ»ឱ្យកាន់តែរឹងមាំ និងជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន និងការការពារដែនអធិបតេយ្យជាតិពីការរំលោភឈ្លានពានរបស់ពួកចោរសៀម ។

២- គណៈកម្មាធិការគណបក្សសង្កាត់ និងអង្គការចាត់តាំងគណបក្សចំណុះក្នុងសង្កាត់ទាំង៤ សូមបន្តយកចិត្តទុកដាក់ជំរុញការអនុវត្តន៍«ផែនការចាត់តាំងអនុវត្តសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»របស់គណៈអចិន្ត្រៃយ៍ នៃគណកម្មាធិការគណបក្សរាជធានីភ្នំពេញ ឱ្យបានសម្រេចជោគជ័យ តាមរយៈ«ការរក្សាប្រៀបឈ្នះ និងបង្កើនប្រៀបឈ្នះ» ដោយផ្អែកលើបរិមាណ គុណភាព និងអំពើល្អរបស់សមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត និងសម្រេចឱ្យបាននូវទិសស្លោក«សមាជិកម្នាក់ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក»៕