គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ និងត្រៀមបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការជំនាញ


គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈការងារសំខាន់ៗមួយចំនួន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចលើកិច្ចការសំខាន់ៗរួមមាន៖

១. ប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសោភ័ណភាពពាណិជ្ជកម្ម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

២. ប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ នៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

៣. ប្រគល់ភារកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌអន្តរជាតិ។

៤. ប្រគល់ភារកិច្ចជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ។
៥. ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា នៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ខាងមុខនេះ៕