ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្ត និងលោកស្រី រួមជាមួយមន្ត្រីរាជការមកពីមន្ទីរស្ថាប័ននានាជុំវិញខេត្ត និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ គណៈអធិបតីបាននាំយកបច្ច័យវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា បុណ្យកាន់បិណ្ឌបានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដោយក្តីសប្បាយរីករាយជ្រះថ្លា។
ឯកឧត្តមបានបន្តថា ជារៀងរាល់ឆ្នាំ សាសនិកជនទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា តែងតែគោរពប្រណិបត្តិនូវពិធីបុណ្យកាន់បិណ្ឌតាមទំនៀមទម្លាប់តាំងពីបុរាណ ដែលមានរយៈពេល១៥ថ្ងៃ នៅគ្រប់ទីវត្តអារាមទូទាំងប្រទេស ចាប់ផ្តើមពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច និងថ្ងៃ១៥រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំតែម្តង។
ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរស្ថាប័ន អង្គភាពនានា ក្នុងខេត្តបាត់ដំបង ដែលបានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តពោធិ៍វាល ព្រមទាំងគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ធនធានផ្ទាល់ខ្លួនចូលរួមក្នុងវេនកាន់បិណ្ឌទី១ ដើម្បីប្រគេនដល់ព្រះសង្ឃសម្រាប់ប្រើប្រាស់ និងដើម្បីកសាងសមិទ្ធផលក្នុងវត្ត ជាប្រយោជន៍ទ្រទ្រង់ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រសម្រាប់កូនចៅជំនាន់ក្រោយៗទៀតគោរពប្រណិបត្តិតាម។
ឯកឧត្តមបានបន្ថែមថា នេះគឺជាសេរីភាពដែលបង្ហាញអំពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលបានប្រគេនជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមានជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខសូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានោះ ឯកឧត្តម សុខ លូ និងលោកស្រីក៏បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលបានពីការចូលរួមដ៏សទ្ធាជ្រះថ្លារបស់អស់លោក-លោកស្រីសប្បុរសជនមួយចំនួនធំ ដើម្បីវេរប្រគេនព្រះសង្ឃនៅវត្តពោធិ៍វាល សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការរបស់វត្តផងដែរ៕
























