នៅថ្ងៃទៅ២៧ កញ្ញា ២០២៦ តំណាងថ្នាក់ដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តបទុមវតីរាជវរារាម។ ពិធីនេះជាវេនបិណ្ឌរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដោយបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ។
ក្នុងឱកាសនេះ ប្រតិភូសមាគមបានរួមគ្នាធ្វើកិច្ចនមស្ការ សមាទានសីល រាប់បាត្រ និងវេរប្រគេនទេយ្យទាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដល់ព្រះសង្ឃ ដើម្បីចូលរួមលើកស្ទួយប្រពៃណីព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា និងវីរយុទ្ធជនពលីដើម្បីជាតិ។
នាឱកាសដើមរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ សមាគម អ.ម.ត សូមប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗប្រការ៕










































