រដ្ឋបាលខេត្តកំពង់ចាម លែងកូនត្រីមេពូជចម្រុះជាង ២០ម៉ឺនក្បាល ចូលអាងទឹកត្រួយចេក


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីមេពូជចម្រុះជាង ២០ម៉ឺនក្បាល នៅទំនប់អាងទឹកត្រួយចេក ស្ថិតក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដើម្បីរួមចំណែកស្ដារ និងបង្កើនធនធានជលផលក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ចូលរួមគ្រប់គ្រង អភិរក្ស និងការពារធនធានជលផលឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយរក្សាតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ដើម្បីរួមចំណែកធានាសន្តិសុខស្បៀង បង្កើនជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនការការពារព្រៃលិចទឹក និងកន្លែងអភិរក្សជលផល ពង្រឹងសហគមន៍នេសាទ និងបង្កើតសហគមន៍ស្រះជម្រកត្រីឱ្យបានច្រើន។ ជាមួយគ្នានេះ ត្រូវបន្តបង្ក្រាបបទល្មើសនេសាទ ជាពិសេសការប្រើឧបករណ៍ឆក់ ស្បៃមុង និងសារធាតុពុល ដែលបំផ្លាញធនធានជលផល។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យមានការលើកទឹកចិត្តវិស័យឯកជនឱ្យវិនិយោគលើការចិញ្ចឹមត្រី ជាពិសេសប្រភេទត្រីក្នុងស្រុកដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីផ្គត់ផ្គង់ទីផ្សារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការពឹងផ្អែកលើការនេសាទក្នុងដែនទឹកធម្មជាតិ។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឱ្យអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ សហគមន៍នេសាទ និងអង្គភាពពាក់ព័ន្ធ បន្តចូលរួមក្នុងការលែងកូនត្រីនៅតាមមូលដ្ឋាន ឱ្យក្លាយជាសកម្មភាពជាប្រពៃណី ដើម្បីរួមចំណែកបង្កើនធនធានជលផល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕