តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខក្រុមសង្កេតការណ៍អាស៊ាន (AOT) នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ


ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងបំពេញបេសកកម្មក្នុងក្រុមសង្កេតការណ៍អាស៊ាន (AOT) ស្នាក់ការទី២ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឆាយ វ៉ាន់ឆា បានរាយការណ៍អំពីសកម្មភាពរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ដែលកំពុងប្រចាំការត្រួតពិនិត្យ និងសង្កេតការណ៍សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ទទួលខុសត្រូវរបស់ស្នាក់ការទី២ ដែលមានចំនួន ៥ ខេត្ត រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងកោះកុង។

ឧត្តមសេនីយ៍ទោ សែម រតនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហានគ្រប់បណ្ដាផ្នែកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងនាមជាកងយោធពលខេមរៈភូមិន្ទ។

ឆ្លៀតក្នុងឱកាសនៃការអញ្ជើញសាកសួរសុខទុក្ខនេះផងដែរ ឧត្តមសេនីយ៍ទោ សែម រតនា រួមជាមួយក្រុមការងារ ក៏បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់នាយទាហាន ពលទាហានទាំងអស់ ដែលកំពុងបំពេញបេសកកម្មការងារតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ឧត្តមសេនីយ៍ទោ សែម រតនា ក៏បានជូនពរ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ រួមមាន គ្រឿងឧបភោគបរិភោគ ទឹកសុទ្ធ ទឹកក្រូច មីកញ្ចប់ និងថវិកាមួយចំនួន ប្រគល់ជូននាយទាហានប្រចាំការក្រុមសង្កេតការណ៍អាស៊ាន (AOT) ផងដែរ៕