ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «របៀបវារៈឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីរៀបចំទេសចរណ៍ឡើងវិញ» និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិធានសុវត្ថិភាព និងអនាម័យអាស៊ាន សម្រាប់ប្រតិបត្តិករ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ ព្រមទាំងឡាប៊ែល «សុវត្ថិភាព និងភាពកក់ក្តៅអាស៊ាន» (ASEAN Safe and Warm Stamp)។
ពិធីនេះរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍សហប្រជាជាតិ នៅសណ្ឋាគារបាយ័ន អេរ៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ឯកឧត្តម ង៉ូវ សេងកាក់ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញជាតិ និងអន្តរជាតិ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ និស្សិត យុវជនកាកបាទក្រហមកម្ពុជា អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាង៣០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍តម្រង់ទិសដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ព្រមទាំងថ្លែងអំណរគុណដល់អង្គការទេសចរណ៍សហប្រជាជាតិ រដ្ឋបាលខេត្តសៀមរាប ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រារព្ធទិវាទេសចរណ៍ពិភពលោកឆ្នាំនេះ បានផ្តល់ឱកាសដល់អ្នកជំនាញ និងភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យទេសចរណ៍ ព្រមទាំងការអនុវត្តវិធានសុវត្ថិភាព និងអនាម័យអាស៊ាន។ កម្មវិធីក៏មានការធ្វើបទបង្ហាញបច្ចេកទេសស្តីពី «Redesign Tourism: AI/Digital Challenges Cambodia» ការបង្ហាញសក្តានុពលទេសចរណ៍កម្ពុជា ការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងការតាំងបង្ហាញផលិតផលក្នុងស្រុកផងដែរ។
ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ប្រធានបទទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៦ មានសារៈសំខាន់ និងស្របតាមបរិបទបច្ចុប្បន្ន ខណៈបច្ចេកវិទ្យាឌីជីថល និង AI កំពុងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរវិស័យទេសចរណ៍សកល។ ក្នុងន័យនេះ កម្ពុជាត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងការរៀបចំគោលនយោបាយ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការធ្វើទីផ្សារ និងការសម្រេចចិត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ ការដាក់ឱ្យប្រើប្រាស់វិធានសុវត្ថិភាព និងអនាម័យអាស៊ាន ព្រមទាំងឡាប៊ែល «សុវត្ថិភាព និងភាពកក់ក្តៅអាស៊ាន» គឺជាការរួមចំណែកក្នុងការលើកកម្ពស់គុណភាព សុវត្ថិភាព និងអនាម័យសេវាកម្មទេសចរណ៍ ដើម្បីពង្រឹងទំនុកចិត្តរបស់ភ្ញៀវទេសចរ និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយចីរភាព និងភាពធន់។
សូមជម្រាបថា កម្ពុជាបានក្លាយជាសមាជិកអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។ ចំណែកទិវាទេសចរណ៍ពិភពលោកលើកទី៤៧ ឆ្នាំ២០២៦ កំពុងប្រារព្ធឡើងនៅប្រទេសអែលសាល់វ៉ាឌ័រ (El Salvador) ក្នុងតំបន់អាមេរិកឡាទីន។
គួរបញ្ជាក់ថា ឡាប៊ែល «សុវត្ថិភាព និងភាពកក់ក្តៅអាស៊ាន» ជាយន្តការមួយរបស់អាស៊ាន ដែលកម្ពុជាបានដឹកនាំរៀបចំ និងសម្របសម្រួល ហើយត្រូវបានអនុម័តដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ នៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលកម្ពុជាជាម្ចាស់ផ្ទះ៕













