នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយកងទ័ពដែលត្រៀមចូលរួមលំហាត់សង្គ្រោះគ្រោះមហន្តរាយរួមគ្នាកម្ពុជា-ឡាវ-វៀតណាម


នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ ជាមួយបណ្ដាប្រទេសជាមិត្ត និងការចាត់តាំងសមយុទ្ធក្នុងកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងដែលត្រូវទៅចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា រវាងកងទ័ពបី​ប្រទេសកម្ពុជា-ឡាវ-វៀតណាម។ ពិធីនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានទ័ពពិសេស កំបូល។

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពកម្ពុជា-ឡាវ និងវៀតណាម​​ នឹងធ្វើឡើងក្រោមប្រធានបទ «លំហាត់ហ្វឹកហ្វឺនការពារជនស៉ីវិល នៃកងទ័ពបី​​ ប្រទេសវៀតណាម-ឡាវ-កម្ពុជា ២០២៦»។ លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពទាំង៣ ឆ្នាំ២០២៦នេះ នឹងត្រូវធ្វើឡើងនៅកងពលតូចវិស្វកម្ម២៤៩ បញ្ជាការដ្ឋានវិស្វកម្ម​ កងទ័ពប្រជាជនវៀតណាម នៅទីក្រុងហាណូយ។

រយៈពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺន​នឹងធ្វើឡើងរយៈពេល ១៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ កញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ការហ្វឹកហ្វឺនគឺជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងបី ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្នផ្សេងៗ ដែលអាចកើតមានឡើងក្នុងតំបន់។ តាមរយៈលំហាត់នេះកងកម្លាំងនឹងទទួលបានបទពិសោធន៍ថ្មីៗ និងផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាពរវាងគ្នា។

កិច្ចសហប្រតិបត្តិការយោធាត្រីភាគីនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត។

តាងនាមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស​ ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ សៅ សុខា បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។ ហើយនេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទ បានចេញទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយបីប្រទេសនេះ ដូច្នេះ លោកជឿជាក់ថាកម្លាំងរបស់កម្ពុជាជិត​៨០រូប ដែលទៅចូលរួមក្នុងលំហាត់នេះនឹងទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោតសសើរដល់បណ្តាស្ថាប័ន និងអង្គភាព ដែលបានចាត់តាំងកម្លាំង និងសម្ភារៈ ទៅចូលរួមក្នុងលំហាត់ និងបណ្ដាស្ថាប័នដទៃទៀតដែលមានការពាក់ព័ន្ធហើយបានជួយសម្របសម្រួលរាល់កិច្ចការងារផ្សេងៗនាពេលកន្លងមកនេះ ទើបធ្វើឱ្យយោធិនរបស់យើងអាចចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសបានដោយរលូន។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏សូមផ្តល់នូវមតិផ្ដាំផ្ញើរមួយចំនួនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលទៅចូលរួមក្នុងលំហាត់ហ្វឹកហ្វឺននៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដូចខាងក្រោម៖

ទី១៖ ត្រូវចូលរួមគោរពដាច់ខាតនូវរាល់បទបញ្ជា និងការចាត់តាំងនានារបស់ថ្នាក់ដឹកនាំក្រុម ឬមេបញ្ជាការដឹកនាំ ពិសេសបទបញ្ជាផ្ទៃក្នុង នៃលំហាត់របស់ប្រទេសដែលជាម្ចាស់ផ្ទះ

ទី២៖ ត្រូវមានភក្តីភាព ទឹកចិត្តក្លាហានយកចិត្តទុកដាក់ តស៊ូអត់ធន់ លះបង់ឱ្យបានខ្ពស់បំផុតប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យរបស់កងយោធពលខេមរភូមិន្ទ និងសេចក្ដីថ្លៃថ្នូរសម្រាប់ជាតិរបស់យើង

ទី៣៖ ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់កម្លាំងឱ្យចំគោលដៅទៅតាមជំនាញ ហើយត្រូវចាត់ទុកលំហាត់ដែលយើងទៅចូលរួមនេះជាការងារស្នូល និងមានសារៈសំខាន់បំផុត។ ដូច្នេះទាំងអស់គ្នាទាំងថ្នាក់ដឹកនាំក្រុម ក៏ដូចយោធិនដែលចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាដកពិសោធន៍ ទាំងចំណេះដឹង និងចំណេះធ្វើពីបណ្ដាប្រទេសដែលចូលរួម និងធានាគុណភាព មានឆន្ទៈមោះមុត លើជំនាញពិតប្រាកដ ហើយក៏ត្រូវតែទទួលបានជោគជ័យលើគ្រប់វិញ្ញាសានានា ក្នុងកម្មវិធីនៃលំហាត់នេះដោយធានាបានទាំងកត្តាមនុស្ស និងសម្ភារៈ។

និងទី៤៖ ត្រូវយកចិត្តទុកដាក់លើការថែរក្សាសុខមាលភាព ដើម្បីជៀសឆ្ងាយពីជម្ងឺឆ្លងផ្សេងៗ៕