ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ ដើម្បីបន្តជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
គិតត្រឹមថ្ងៃនេះ ជាកិច្ចប្រជុំលើកទី ៤ ដោយបានពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ១៤លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៤លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, ប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិត និយោជិត និងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៤លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាង ភាគីនិយោជក ចំនួន ១លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីរាជរដ្ឋាភិបាល ចំនួន ១លើក។
ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។
ជាស្មារតីរួម សមាជិកនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានគាំទ្រដល់ការសម្រាលបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត គ្រាន់តែវិធីសាស្ត្រនៃការសម្រាលបន្ទុកគឺផ្សេងៗគ្នា។ សមាជិកខ្លះនៃអង្គប្រជុំ បើទោះបីជាជាក់ស្តែង បានដឹងច្បាស់ថា ប្រាក់ឈ្នួលនៅកម្ពុជាខ្ពស់ជាងប្រទេសគូរប្រជែងរបស់កម្ពុជាក៏ដោយ គឺបានស្នើវិធីសាស្រ្តកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈការស្នើសុំដំឡើងប្រាក់ឈ្នួលជាគំហុកបន្ថែមទៀត រីឯសមាជិកផ្សេងទៀត បានស្នើវិធីសាស្ត្រផ្សេងក្នុងការកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត តាមរយៈរក្សាតួលេខដដែល ឬដំឡើងក្នុងកម្រិតសមរម្យណាមួយ ដើម្បីរក្សាភាពប្រកួតប្រជែងនៃប្រទេសរក្សាការងារដែលមានស្រាប់ និងអាចបង្កើតការងារថ្មី ជូនសមាជិកគ្រួសារម្នាក់ទៀតរបស់បងប្អូនកម្មករនិយោជិត។
ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត ដោយយោងលើមតិភាគច្រើននៃផ្ទៃក្នុងរបស់ខ្លួន បានស្នើតួលេខកំណើន ចំនួន ១៥ដុល្លារអាម៉េរិក ដែលស្មើនឹង ២២៥ដុល្លារអាម៉េរិក សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧។ ដោយឡែក តំណាងភាគីនិយោជក បានស្នើរក្សាតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារអាម៉េរិកដដែល សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ និងរក្សាប្រាក់ឧបត្ថម្ភសោហ៊ុយធ្វើដំណើរ ២,៥ដុល្លារអាម៉េរិក តាមស្មារតីដែលបានឯកភាពគ្នាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
អង្គប្រជុំបានឯកភាពគ្នាកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដើម្បីបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧៕










