ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ឱ្យបន្តពិនិត្យតាមដានជាប្រចាំនូវការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សាឆ្នាំនេះ ពិសេសត្រូវត្រៀមលក្ខណៈក្នុងការបង្ការលើផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះទឹកជំនន់។ ការណែនាំនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួន។ ក្នុងចំណោមនោះ អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យលើការសាងសង់សំណង់នានាដែលរំលោភដីចំណីផ្លូវសាធារណៈ និងចាត់វិធានការទប់ស្កាត់ឱ្យទាន់ពេលវេលា។ អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏ត្រូវពង្រឹងលើការពន្លឿនសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ និងទាន់ពេលវេលាផងដែរ ដូចជាសេវាដីធ្លី និងសេវាផ្សេងៗទៀត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យបន្តយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហាភូមិ ឃុំ មានសុវត្ថិភាព ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ ដោយកងកម្លាំងត្រូវដាក់ផែនការចេញល្បាតជាប្រចាំ។ ក្រៅពីនេះ ក៏ត្រូវពង្រឹងការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងពង្រឹងការទប់ស្កាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យបានម៉ឺងម៉ាត់។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា មន្ទីរ/អង្គភាពនានាត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងមានភាពបត់បែនទៅលើការដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ រដ្ឋបាលក្រុង/ស្រុក និងជំនាញពាក់ព័ន្ធក៏ត្រូវបន្តការខិតខំដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងបណ្តឹង ព្រមទាំងសំណើរសំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់ជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង៕




















