រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងអំណរគុណនិវត្តជនកម្ពុជា ចំពោះគុណបំណាច់ក្នុងការកសាងសមិទ្ធផលជាតិ


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា សមិទ្ធផលនានាដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងការបន្តអភិវឌ្ឍន៍ឱ្យរីកចម្រើនទៅមុខ មិនអាចកាត់ផ្ដាច់បានឡើយពីគុណបំណាច់ដ៏ថ្លៃថ្លារបស់និវត្តជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្តនាពេលកន្លងមក។

ក្នុងឱកាសជួបសំណេះសំណាលជាមួយនិវត្តជនក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជានិវត្តជនក្នុងវិស័យនានា បានខិតខំកសាងប្រទេសពីបាតដៃទទេ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកក្នុងវិស័យរ៉ែ និងថាមពល ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ​ បានបន្តថា ចំពោះវិស័យរ៉ែ និងថាមពលនេះ ដែលជាសមិទ្ធផលបន្សល់មកពីនិវត្តជន ធ្វើឱ្យកម្ពុជាមានស្ថិរភាពលើការផ្គត់ផ្គង់អគ្គិសនី ប្រជាពលរដ្ឋមានភ្លើងអគ្គិសនី ប្រើប្រាស់គ្រប់គ្រាន់ បើទោះបីជាលែងនាំចូលពីប្រទេសថៃ ដែលបង្កឡើងដោយជម្លោះព្រំដែន ខណៈចំណូលបានមកពីវិស័យរ៉ែ និងថាមពល ក៏បានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានថ្លែងអំណរគុណដល់និវត្តជន ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក ហើយបានធ្វើឱ្យវិស័យរ៉ែ និងថាមពល ទទួលបានសមិទ្ធផលជាផ្លែផ្កា និងជាទីមោទនក្នុងពេលបច្ចុប្បន្ននេះ។​

សម្រាប់ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងថា ការជួបជុំនិវត្តជនរបស់អគ្គិសនីកម្ពុជា បានរៀបចំធ្វើឡើងមានចំនួន ១១លើករួចមកហើយ ដោយឡែកសម្រាប់ការប្រារព្ធធ្វើនៅឆ្នាំ២០២៦​មានចំនួន​៦៨៩នាក់ (ស្ត្រី៩៧នាក់) ដែលការជួបជុំនេះ ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ក្នុងវិស័យអគ្គិសនី ជាពិសេសដឹងគុណ ពីការចូលរួមចំណែកកសាងអគ្គិសនីកម្ពុជា របស់រៀមច្បងដែលបានបំពេញភារកិច្ចកសាងវិស័យនេះពីចំណុចចាប់ផ្ដើមរហូតដល់មានការីកចម្រើន និងផ្គត់ផ្គង់ទូទាំងប្រទេសដូចបច្ចុប្បន្ននេះ។

អគ្គនាយកអគ្គិសនីកម្ពុជា បានបន្ថែមថា ក្រោមកិច្ចខិតខំប្រឹងប្រឹងពីថ្នាក់ដឹកនាំជំនាន់មុន និងនិវត្តន៍ជនអគ្គិសនីកម្ពុជា គឺនៅឆ្នាំ២០២៦នេះ អគ្គិសនីកម្ពុជា បានចាប់ផ្ដើមប្រើប្រាស់អនុស្ថានីយប្រភេទចល័ត ដែលផ្ដល់ភាពងាយស្រួលលឿន ក្នុងការផ្ទេរពីទីតាំងមួយទៅទីតាំងមួយ ដែលមានតម្រូវការបន្ទាន់ បម្រើដល់បន្ទុកប្រើប្រាស់ រួមមានវិស័យឧស្សាហកម្មធន់ធ្ងន់ ក៏ដូចជាបម្រុងទុកជាដើម។ បច្ចុប្បន្នបានដាក់ឱ្យដំណើរការចំនួន៣ហើយ ដោយ៥ទៀតនឹងមកដល់ក្នុងចុងឆ្នាំ២០២៦ ដែលជួយសម្រួលបង្កើនគុណភាពនៃការផ្គត់ផ្គង់ដល់តំបន់មួយចំនួនដែលត្រូវការចាំបាច់។

ឯកឧត្តម ប្រាំង ជលសា​ បានបន្តថា ប្រព័ន្ធ Hotline គឺជាស្ពានមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយ អតិថិជន ដែលអាចឱ្យថ្នាក់ដឹកនាំបាន ដឹងអំពីការបម្រើសេវាកម្ម និងកាត់បន្ថយភាពចន្លោះប្រហោងក្នុងការអនុវត្តការងាររបស់និយោជិត អគ្គិសនីកម្ពុជា បានឈានមុខក្នុងការងារនេះ ហើយបានទទួលការកោតសរសើរពីប្រជាពលរដ្ឋទូទៅ និងកំពុងជួយផ្តល់បទពិសោធន៍ដល់មន្ត្រីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីបន្តជួយបណ្តុះបណ្តាលដល់សេវាករឯកជន។ ដើម្បីចូលរួមឱ្យមានសមធម៌ក្នុងសង្គម អគ្គិសនីកម្ពុជា បានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ តាមរយៈមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ បានឧបត្ថម្ភធនដល់សេវាករ ប្រមាណ​ ១.០០០លានដុល្លារអាមេរិក​ (ដោយគិតចាប់តាំងពីឆ្នាំ២០១៦ មកទល់បច្ចុប្បន្ន) ដើម្បីជំរុញអត្រាភ្ជាប់ចរន្តអគ្គិសនី និងរក្សាថ្លៃឯកភាពទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុយ សែម តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់និវត្តជនទាំងអស់ សូមបន្តថែរក្សាសុខភាព ដើម្បីបានបន្តឃើញនូវសមិទ្ធផលបន្ថែមទៀត របស់អ្នកបន្តវេនជំនាន់ក្រោយ ដែលបានខិតខំកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ក្នុងពេលចូលរួមពិធីសំណេះសំណាលនេះ និវត្តជនអគ្គិសនីកម្ពុជា លើកឡើងថា ការជួបសំណេះសំណាលប្រចាំឆ្នាំ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការយកចិត្តទុកដាក់ ចំពោះនិវត្តជន ហើយកាន់តែធ្វើឱ្យពួកគាត់មានសង្ឃឹមលើថ្នាក់ដឹកនាំ និងថាការប្រឹងប្រែងរបស់ពួកគាត់នាពេលកន្លងមក ពិតជាមានតម្លៃ៕