វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ បើកដំណើរការដោយនាំយកដំណោះ ស្រាយកែច្នៃ និងវេចខ្ចប់សម្រាប់សហគ្រាសកម្ពុជា


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ «វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦» ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅ​នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សាគោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាចអនុវត្តបានជាក់ស្តែង។ វេទិកាវេចខ្ចប់កម្ពុជា ២០២៦ (PackTalk Cambodia 2026) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា «ការវេចខ្ចប់គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ការអភិវឌ្ឍវិស័យនេះមានសារៈសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ»។​

ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នកផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។

វេទិកាវេចខ្ចប់ រួមមានកិច្ចពិភាក្សាអំពីការការពារផលិតផល ការរចនាសំបកវេចខ្ចប់ សុវត្ថិភាពម្ហូបអាហារ ស្តង់ដា ការរៀបចំស្លាកលើសំបកផលិតផល និរន្តរភាពនៃការវេចខ្ចប់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ កម្មវិធីមានគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុនផលិត និងសហគ្រាសកែច្នៃកសិផលកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់សម្ភារវេចខ្ចប់ អ្នកស្រាវជ្រាវ ស្ថាប័នបច្ចេកទេស និងដៃគូអាជីវកម្មសក្តានុពល។

ព្រឹត្តិការណ៍មួយទៀត គឺពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ (FoodTec Cambodia 2026) ដែលមានស្តង់ពិព័រណ៍ជាង១០០ តាំងបង្ហាញគ្រឿងម៉ាស៊ីន ដំណោះស្រាយសម្រាប់ការកែច្នៃ និងវេចខ្ចប់អាហារ និងបច្ចេកវិទ្យាកសិកម្ម។ ពិព័រណ៍នេះរំពឹងថានឹងទាក់ទាញអ្នកពាក់ព័ន្ធពីវិស័យឧស្សាហកម្ម ធុរកិច្ច អ្នកស្រាវជ្រាវ និងអ្នកចូលរួមប្រមាណ ៥.០០០ នាក់។

លោក Gerard Leeuwenburgh អគ្គនាយកប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា «ពិព័រណ៍នេះផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់គំនិតអាជីវកម្មធំៗ ដំណោះស្រាយឆ្លាតវៃ និងកិច្ចសហការជាសកល។ យើងលើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ បង្កើតទំនាក់ទំនង និងទទួលការបំផុសគំនិត ខណៈដែលយើងកំពុងរួមគ្នាកសាងឧស្សាហកម្មផលិត និងកែច្នៃអាហារដែលកាន់តែមានចីរភាព នវានុវត្តន៍ និងប្រាក់ចំណេញ»។​

ក្នុងឱកាសនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាសាធារណៈទាំងអស់ (១០០%) របស់ក្រសួង តាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសហគ្រាស និងសាធារណជន អាចប្រើប្រាស់សេវាបានកាន់តែលឿន ងាយស្រួល មានតម្លាភាព និងប្រសិទ្ធិភាពផដែរ៕