ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នឹងយាងធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកកាន់មាតុប្រទេសវិញ នៅរសៀលថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ បន្ទាប់ពីព្រះអង្គទាំងទ្វេបានយាងទៅពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន អស់រយៈពេលប្រមាណ ១ខែកន្លងមកនេះ។
វត្តមានយាងនិវត្តន៍មកដល់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ នឹងទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធម នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ រួមមាន ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សមាជិករាជវង្សានុវង្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាតិ និងអន្តរជាតិជាច្រើនរូប។
សូមជម្រាបជូនថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ តែងតែយាងទៅពិនិត្យ និងតាមដានព្រះរាជសុខភាពជាប្រចាំ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងមួយឆ្នាំពីរដង ដោយទទួលបានការយកចិត្តទុកដាក់ និងថែទាំយ៉ាងដិតដល់បំផុតពីក្រុមគ្រូពេទ្យជំនាញកម្រិតខ្ពស់របស់ប្រទេសចិន។
ក្នុងអំឡុងពេលដែលព្រះអង្គទាំងទ្វេគង់ប្រថាប់នៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដឹកនាំកិច្ចការកំពូលៗរបស់រដ្ឋជំនួសព្រះអង្គ៕

