សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញរាប់បាត្រវេនកាន់បិណ្ឌទី៤ នៅវត្តសារាវ័ន្តតេជោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ‎ជារៀងរាល់ឆ្នាំ វេនកាន់បិណ្ឌទី៤នេះ ជាវេនកាន់‎បិណ្ឌរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ។

កាលពីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងពិធីសូត្រមន្ត សម្តេចកិត្តិសង្គហបណ្ឌិតបានចាត់ចំណាងចូលរួមមាន លោកស្រី ម៉ែន សំអុីន និងលោក នួន បូរ៉ា, លោកស្រី ម៉ែន សំអូន និងលោក សៅ សារ៉េន, លោកស្រី ឃួន មុំ និងលោក ឡោ ប៊ុនហុយ ព្រមទាំងក្រុមគ្រួសារសាញាតិ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ប្រកបដោយសទ្ធាជ្រះថ្លា។ កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា មានពិធីថ្វាយបង្គំនមសក្ការ ព្រះរតន:ត្រៃ សមាទានសីល និមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្ត និងការសម្តែងធម៌ទេសនា។

‎ចំណែកឯថ្ងៃនេះ វត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកចង្ហាន់បិណ្ឌបាត្រ មានបាយសម្លរ នំចំណី រាប់បាត្រប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបង្សុកូល ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង ៧សន្ដាន ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារ ប្រគេន ព្រះសង្ឃជា កិច្ចបង្ហើយបុណ្យ៕