ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ៦៧៥នាក់ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងាររគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ចំនួន ៦៧៥នាក់ ក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងដាច់ដោយឡែកពីគ្នានៅទីតាំងចំនួន ២ គឺ ទីតាំងទី១៖ នៅទីស្នាក់ការគណបក្សស្រុកសាមគ្គីមានជ័យ និងទីតាំងទី២៖ នៅទីស្នាក់ការគណបក្សស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទាំងពីរ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១៨, គណៈកម្មាធិការបក្សស្រុក ឃុំ ព្រមទាំងនាយកសាលា និងសិស្សានុសិស្សដែលមកពីវិទ្យាល័យចំនួន ៤ ក្នុងស្រុកទាំងពីរ សរុបចំនួន ៨២០នាក់។

តាមរយៈរបាយការណ៍ស្វាគមន៍ដោយលោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទាំងពីរ បានបញ្ជាក់ថា សម្រាប់ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងឆ្នាំសិក្សាឆ្នាំ២០២៥-២០២៦ មានសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ្យភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ សរុបចំនួន ៨៤៥នាក់។ ជាលទ្ធផល មានបេក្ខជនប្រឡងជាប់សរុបចំនួន ៦៧៥នាក់ ស្មើ ៧៩,៨៨% ក្នុងនោះ និទ្ទេស A មានចំនួនសរុប ៣នាក់។

ក្នុងឱកាសដ៏វិសែសវិសាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកទាំងពីរ ការិយាល័យអប់រំស្រុក នាយកសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ជាពិសេសបានសម្ដែងការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននូវជោគជ័យដូចពេលនេះ។

ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំគណបក្សជូនចំពោះអង្គពិធីទាំងពីរផងដែរ។ ឯកឧត្តមប្រធាន បានមានប្រសាសន៍ទៀតថា លទ្ធផលនិងជោគជ័យដ៏ត្រចះត្រចង់នាថ្ងៃនេះ កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងការយកចិត្តទុកដាក់គាំទ្រពីគ្រប់មជ្ឈដ្ឋាននានាតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ជាពិសេសការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ គ្រប់មុខវិជ្ជា និងការខិតខំប្រឹងប្រែងរៀនសូត្រដោយផ្ទាល់ពីក្មួយៗសិស្សានុសិស្ស។

ទន្ទឹមនឹងនោះ ឯកឧត្តម បានសូមអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន អង្គការនានា សប្បុរសជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមជាមួយអាណាព្យាបាលសិស្ស ក្នុងការជួយដល់កុមារ និងយុវជន ទាំងស្មារតី ពេលវេលា និងសម្ភារ ដើម្បីឱ្យក្មួយៗទាំងអស់ទទួលបាននូវឱកាសគ្រប់ៗគ្នា ក្នុងការសិក្សារៀនសូត្រទទួលបានចំណេះដឹងគ្រប់គ្នា ព្រមទាំងបន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ ក្នុងការកសាងសមត្ថភាពពេញលេញ ក្លាយជាពលរដ្ឋល្អរបស់សង្គម និងក្លាយទៅជាចលករដ៏សំខាន់ និងជាកម្លាំងពលកម្មប្រកបដោយជំនាញ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ។

ជាចុងបញ្ចប់ ឯកឧត្តម បានចែកថវិកាលើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រធាន អនុប្រធានការិយាល័យអប់រំស្រុកទាំងពីរ, ជូននាយកសាលាទាំង ៤សាលា, នាយករង ២នាក់ ក្នុង១សាលា, ជូនសិស្សនិទ្ទេស A ចំនួន ៣នាក់ ម្នាក់ៗថវិកា ២,០០០,០០០រៀល និងជូនសិស្សនិទ្ទេស B ដល់ E សរុបចំនួន ៦៧២នាក់ ម្នាក់ៗថវិកា ១០០,០០០រៀល៕