ពីលើវេទិកាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំងអស់ យកបញ្ហាដែលកំពុងជួបប្រទះដោយសារគ្រោះទឹកជំនន់ សិក្សាអំពីទីទួលសុវត្ថិភាព និងការទាញយកទឹកដែលជន់ទុកសម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាជួបគ្រោះរាំងស្ងួត នៅពេលខាងមុខ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកតាមការសិក្សាព្យាករណ៍របស់វិទ្យាស្ថានមួយនៅសហរដ្ឋអាមេរិក បានវាយតម្លៃថា នៅពេលខាងមុខពិភពលោកនឹងរងបាតុភូតអែលនីញ៉ូ ដែលធ្វើឡើងកម្ដៅខ្លាំង និងគ្មានភ្លៀងធ្លាក់ ហើយប្រឈមជាមួយគ្រោះរាំងស្ងួត ដូច្នេះហើយត្រូវយកបញ្ហាទឹកជន់ខ្លាំងនេះ ជាឱកាសទាញស្ដុកទឹកទុកសម្រាប់ប្រើប្រាស់នៅពេលដែលជួបគ្រោះរាំងស្ងួត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនអបអរជាមួយទឹកជន់លិចលង់នោះទេ ប៉ុន្ដែគេថាក្នុងគ្រោះមានលាភ ព្រោះនៅក្នុងពេល៦ខែទៅមុខគេព្យាករណ៍នូវ បាតុភូតអែលនីញ៉ូ គ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងក្ដៅ ដែលអាចមានមនុស្សស្លាប់៤៥លាននាក់នៅទូទាំងពិភពលោក ក្នុងរយៈពេល៦ខែខាងមុខ ដូច្នេះនឹងប្រឈមជាមួយគ្រោះអត់ទឹក អ៊ីចឹងនៅពេលធ្លាក់ភ្លៀងមកមួយថ្ងៃ៥០លានម៉ែត្រគូប ប្រៀបដូចជាការជួយបំពេញអាងស្ដុក ហើយរកវិធីទប់ដើម្បីការពារកម្ដៅ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងបន្ដបន្ទាប់ មកទល់ពេលនេះធ្វើឲ្យអាងស្ដុកជាច្រើនបានពេញ រហូតកន្លែងខ្លះត្រូវបង្ហៀរចេញ ដូច្នេះត្រូវវិធីសាស្ដ្រណាដើម្បីទប់ទឹកដែលពេញនៅក្នុងអាងស្ដុក សម្រាប់ប្រើប្រាស់នៅពេលខាងមុខ។ សម្ដេចបន្ដថា ក្នុងគ្រោះទាំងអស់ដែលកើតមានឡើង គឺជាឱកាសសម្រាប់វាយតម្លៃអំពីសមត្ថភាពខ្លួនឯង និងពង្រឹងខ្លួនទៅថ្ងៃមុខកុំឲ្យជួបបញ្ហា។
ក្រៅពីការណែនាំឲ្យទាញទឹកស្ដុកទុកសម្រាប់ប្រើប្រាស់ហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំផងដែរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវយកឱកាសស្ថានភាពទឹកជំនន់ ដើម្បីសិក្សារកទីទួលសុវត្ថិភាពសម្រាប់ថ្ងៃខាងមុខក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រោះស្ថានភាពទឹកជំនន់ខ្លាំងអាចដឹងច្បាស់អំពីតំបន់ណាដែលមានសុវត្ថិភាព។ ដោយឡែក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមក្នុងការស្ដារឡើងវិញផ្លូវដែលរងនូវការខូចខាត៕

























































