សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា ព្រមានទៅអ្នកនយោបាយចាស់វស្សា និងអាវៀចទាំងមាត់ វៀចទាំងចិត្ត កុំចោទប្រកាន់ និងមើលងាយទឹកចិត្តកងទ័ព


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដាំទៅកាន់អ្នកនយោបាយប្រឆាំងចាស់វស្សា និងអាវៀចទាំងមាត់ វៀចទាំងចិត្ត (មួង ណារ៉េត) កុំចោទប្រកាន់ និងមើលងាយទឹកចិត្តកងទ័ពទៅតាមខ្សែញាក់របស់អ្នកឈ្លានពានកម្ពុជា ព្រោះកងទ័ពខ្មែរនេះហើយ ដែលជាពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។ ការព្រមានរបស់សម្ដេចបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

នៅពេលបានលឺពាក្យចោទប្រកាន់ ទៅលើកងទ័ពខ្មែរ និងពាក្យប្រមាថដល់កងទ័ពខ្មែរ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងថា សម្ដេចសូមហៅបុគ្គលនោះថា «អា» បើទោះជាពាក្យនេះស្ដាប់ទៅអាក្រក់ ក៏សម្ដេចសុខចិត្តឲ្យគេយល់ថាអាក្រក់ ប៉ុន្តែសម្ដេច មិនអាចទ្រាំមើល និងស្ដាប់ការប្រមាថ និងចោទប្រកាន់ថាពីសំណាក់អ្នកនយោបាយប្រឆាំងចាស់វស្សា និងអាវៀចទាំងមាត់ វៀចទាំងចិត្តនេះឡើយ។

សម្រាប់សម្ដេច ពាក្យចោទប្រកាន់របស់គេ លើកងទ័ពខ្មែរ នេះគឺជាអំពើ «ក្បត់ជាតិធំណាស់» ។ ក្បត់ជាតិ ព្រោះគេបានជឿលើព័ត៌មានពីភាគីម្ខាងទៀត ហើយមកចោទកងទ័ពខ្មែរថា បានវាយប្រហារលើទីតាំងជនស៊ីវិលថៃ ទាំងដែលថៃ គឺជាអ្នកដែលបើកការវាយប្រហារលើជនស៊ីវិលខ្មែរ និងប្រាសាទបុរាណខ្មែរ ដោយសម្ដេចបានសង្កត់ធ្ងន់ថា គេមិនបានលើកទឹកចិត្ត គេបង្អាប់ហើយចោទប្រកាន់ទៀត ការចោទប្រកាន់នេះ មានន័យថាថាទាហានយើងធ្វើ «ឧក្រឹដ្ឋកម្មសង្រ្គាម»។

នេះគឺជាការលើកឡើងទាំងស្រុងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ «អ្នកដឹកនាំនយោបាយចាស់វស្សា ពេលដែលយើងវាយគ្នា ហេតុអីគេផ្លោងមកផ្ទះប្រជាពលរដ្ឋយើង កម្ទេចផ្ទះប្រជាពលរដ្ឋយើង។ ស្លាប់ក្នុងវត្ត បាញ់ចូលវត្តរបស់យើង ហើយគេចោទយើងថាយើងបាញ់ទៅផ្ទះប្រជាពលរដ្ឋស៊ីវិលគេ នៅពេលដែលទាហានរបស់យើង មេទ័ពរបស់យើងនៅមុខគ្មានផែនការបាញ់ទៅផ្ទះប្រជាពលរដ្ឋស៊ីវិលទេ ឡងតែមូលដ្ឋានយោធានៅក្រោយពីគេបាញ់ប្រហារលើយើងមុន។ បែជាមេដឹកនាំនយោបាយក្រៅប្រទេសមួយ រដ្ឋាភិបាល២៣តុលាស្អីនេះ តែឡើងមេក្រូប្រាប់ថាទាហានយើងបាញ់សម្លាប់ប្រជាជនគេ ដោយអយុត្តិធម៌ ដោយអាក្រក់ អីចឹងស្មើនឹងខ្លួនឯងជាខ្មែរនេះទៅវាយប្រហារកងទ័ពខ្លួនឯង យកពាក្យរបស់គេមកវាយប្រហារ នេះគឺជាអំពើ «ក្បត់ជាតិធំណាស់»។ គេបាញ់មកកងទ័ព បាញ់មកផ្ទះពលរដ្ឋ បាញ់មកភូមិរបស់យើង ហើយគេចោទយើងថាយើងអ្នកបាញ់កន្លែងគេ ផ្ទះប្រជាជនស៊ីវិលគេ ដល់អ្នកនយោបាយខ្លួនឯងឡើងទៅនិយាយអីចឹង ខាងគេនោះថាសូម្បីអ្នកនយោបាយខ្មែរក៏និយាយដែរថាទាហានខ្មែរ បាញ់ទៅផ្ទះប្រជាជនគេ។ អាហ្នឹងគេថាយើងអនុវត្តន៍ខុសច្បាប់ទាំងយើងអត់បានធ្វើ។

ថ្ងៃមុនអាវៀចហ្នឹងទៀត គេបាញ់ប្រហារប្រាសាទយើងឡើងខ្ទេច។ គេបាញ់ដងសន្ទូចនៅប្រាសាទយើង គេបាញ់ហើយ គេសើច គេបង្ហោះយើងមិនឃើញ? គេបាញ់កម្ទេច៥០០កន្លែង លើប្រាសាទរបស់យើង ហើយគេខំចោទប្រកាន់យើង គេយកដ្រូនមិនដឹងមកពីណា គេទៅថតលេណដ្ឋាន គេថាមកពីទាហានខ្មែរដាក់នៅហ្នឹង ចោទប្រកាន់ទាំងរស់។ ដល់ពេលអាល្បងវៀចយើងនេះ វៀចមាត់ក៏វៀចចុះ តែវៀចទាំងចិត្ត ចេញមកនិយាយថាមកពីឯងហ្នឹងទៅដាក់លេណដ្ឋាន គេហ្នឹងបាញ់មកថាបាញ់ចំតែទាហានឯងហ្នឹងឯង គេមិនមែនបាញ់ប្រាសាទទៅចឹងទៀត។

ឥលូវបងប្អូនឈឺចាប់ទេ? គេយកអាហ្នឹងទៅ! អីចឹងត្រឹមហៅអាវៀចមាត់ កុំក្ដៅក្រហាយពេក បើវៀចទាំងចិត្ត ចិត្តហ្នឹងមែនចិត្តធម្មតាទេ រឿងគណបក្ស រឿងរិះគន់រដ្ឋាពិបាលរឿងមួយ តែរិះគន់ដោយគ្មានយុត្តិធម៌ទៅដល់បេតិកភណ្ឌរបស់យើង ដែលគេបំផ្លាញ រិះគន់វាយប្រហារកងទ័ពយើងទាំងអយុត្តិធម៌ ទាំងមិនមែនជាកងទ័ពរបស់យើងផង។ កន្លែងសម្រាប់ស៊ីវិល ហើយគ្មានច្បាប់ណាហាមមិនឲ្យធ្វើកន្លែងជ្រកគ្រាប់របស់ស៊ីវិល ដែលធ្វើការនៅកន្លែងតំបន់សង្រ្គាមទេ។

យើងបាននាំទាំងកាសែត ខាង UNESCO ទៅគេឃើញទៀត នេះគឺជាការពិត ប៉ុន្តែវាពិបាកអាអ្នកខ្លួនឯងហ្នឹង។ ឥលូវបងប្អូនថាខ្ញុំអាក្រក់ ក៏អាក្រក់ចុះ ខ្ញុំសូមហៅ អាវៀចមាត់ហើយ ព្រោះវាវៀចទាំងចិត្ត វាធ្វើបាប ហើយខឹងបំផុតគឺវាចោទទាហានយើងដោយគ្មានហេតុផល។ ផ្ដាំទៅ ហើយយកអាហ្នឹងទៅឃោសនា ហើយលោតទៀតទៅថា ជោគជ័យទៀតហើយ ហ៊ុន ម៉ាណែត ជេទៀតហើយ។

បើមិនបានលើកទឹកចិត្ត បង្អាប់ហើយចោទទៀត ចោទថាទាហានយើងធ្វើឧក្រឹដ្ឋកម្មសង្រ្គាម ទាំងយើងអត់បានធ្វើអី គេបំផ្លាញ់យើងហើយ អាខ្មែរឯងហ្នឹងចោទគ្នាឯងទៀត អត់ព្រមស្ដាប់ការបកស្រាយរបស់ក្រសួងវប្បធម៌ និងភស្តុតាងរបស់យើងទេ។ គ្រាន់តែបង្ហោះដ្រូនរបស់គេ តាមហ្វេសប៊ុករបស់គេ ទៅជឿគេស្លុង ហើយមកវាយប្រហារទាហានខ្លួនឯងថា សុទ្ធតែទាហានយើងអត់គោរពច្បាប់អន្តរជាតិ។ កុំមើលងាយទឹកចិត្តកងទ័ព ព្រោះក៏ទ័ព គឺជាអ្នកដែលពលីសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដី។ ខណៈដែលកងទ័ព គឺជាអ្នកការពារនៅជួរខាងមុខ ហើយកាទូតខិតខំធ្វើការពីខាងក្រោយ ជាមួយឆាកអន្តរជាតិដើម្បីរក្សាបូរណភាពទឹកដីកម្ពុជា»៕