ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់


នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រាប់ចាប់តាំងពីក្រោយរំដោះ​ប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត។ ការអប់រំ គឺជាគន្លឹះដ៏ចាំបាច់ក្នុង​ការ​បណ្តុះបណ្តាលធនធានដែលមានសមត្ថភាពខាងចំណេះ និងជំនាញឈានទៅ​កសាង​ជីវភាពគ្រួសារ រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជំរុញដល់កិច្ចអភិវឌ្ឍ។

ឈរលើស្មារតីនេះហើយ ទើបរាជរដ្ឋាភិបាលគ្រប់អាណត្តិតាំងពីពេលដឹកនាំដោយ​សម្តេច​តេជោ ហ៊ុន សែន បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់​ចេញនូវកិច្ចការគន្លឹះជាច្រើនប្រែក្លាយសាលារៀន ទៅជាថ្នាលអប់រំប្រកបដោយគុណ​ភាព និងប្រសិទ្ធភាព។ ក្រៅពីយកចិត្តទុកដាក់ជំរុញលើកិច្ចការអប់រំ បណ្តុះបណ្តាល​ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែង​តែផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងកម្មវិធីនានាពាក់ព័ន្ធនឹងការអប់រំ បូករួមទាំងការ​ប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សា។

ការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជាអធិបតីក្នុងកម្មវិធីអប់រំ និងការប្រគល់​សញ្ញា​បត្រដល់និសិត្ស គឺស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការផ្តល់កិត្តិយស​ដល់និស្សិត ដែលបានប្រឹងប្រែងបញ្ចប់ការសិក្សារៀនសូត្ររហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិតជាដើម ដែលជាលទ្ធផលមួយកើតចេញពីការប្រឹង​ប្រែង និងជម្នះការលំបាកជាច្រើន ដើម្បីទទួលបានផ្លែផ្កាដ៏មានឱជារសពីការអប់រំ គឺ​ទទួល​បានសញ្ញាបត្រនេះ។

របាយការណ៍របស់សាកលវិទ្យាល័យ បានបង្ហាញថា និស្សិតដែលបញ្ចប់ការសិក្សា​ដោយ​ជោគជ័យ ហើយទទួលបានសញ្ញាបត្រនាព្រឹកថ្ងៃនេះ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងបណ្ឌិតកិត្តិយស សរុបចំនួន ២ ៥៧៣ អង្គ/នាក់ មាននារី១ ២៥៧នាក់ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២២-២០២៣ និង២០២៣-២០២៤កន្លងទៅនេះ។ ក្នុងនោះ មាននិស្សិតអាហារូបករណ៍សម្ដេច​តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤៤នាក់ នារី ២២នាក់។

យោងតាមការស្ទង់មតិដោយសាកលវិទ្យាល័យ និស្សិតជ័យលាភីដែលបាន​បញ្ចប់ការ​សិក្សា មានការងារធ្វើទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនសរុប ចំនួនប្រមាណ ៩១,៦៨% និងក្រៅពីនេះ ភាគច្រើន គឺមានការងារជាមុខរបរផ្ទាល់ខ្លួន។

សាកលវិទ្យាល័យអាស៊ី អឺរ៉ុប គឺជាគ្រឹះស្ថានអប់រំឯកជនមួយនៅកម្ពុជា ដែលបានចាប់​ដំណើរការដំបូង​ចេញពីអង្គការតូចមួយ ដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិតវិញ្ញា​បន​បត្រ។ ក្នុងដំណើរប្រវត្តិកសាងគ្រឹះស្ថាននេះ អង្គការតែងតែទទួលបាន​ការយក​ចិត្ត​ទុកដាក់ និងការលើកទឹកចិត្តប្រកបដោយសមានចិត្តមនុស្សធម៌ពីសម្ដេចតេជោ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈការជួយឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែក​ស្មារតី សម្ភារៈ និងថវិកាប្រចាំខែយ៉ាងទៀងទាត់ និងរហូតដល់បច្ចុប្បន្ន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានបន្តឧបត្ថម្ភអង្ករ និងថវិកាជារៀងរាល់ខែ ដើម្បីជួយផ្គត់ផ្គង់ដល់សិស្ស និស្សិត ដែលមានជីវភាពខ្វះខាត។

គិតពីឆ្នាំសិក្សាឆ្នាំ២០០៥ ដល់ឆ្នាំ២០២៤ រួមទាំងនិស្សិតជ័យលាភីនាថ្ងៃនេះ អង្គការ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះបណ្តាលសិស្សថ្នាក់ជំនាញវិជ្ជាជីវៈ និង​និស្សិតថ្នាក់ឧត្តមសិក្សា សរុបចំនួន ៦៨ ២៧៦អង្គ/នាក់ (នារី ២៩ ១១៨នាក់)។ ក្នុង​នោះ និស្សិតបញ្ចប់ការសិក្សាសុទ្ធតែមានសមត្ថភាពពេញលេញ​ក្នុងការបំពេញ​ការងារ​នៅតាមបណ្ដាក្រសួងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេស។

បច្ចុប្បន្នសាកលវិទ្យាល័យ មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យ សរុបចំនួន ៤០០នាក់ នារី ៨០នាក់ និងកំពុងបណ្ដុះបណ្ដាល​សិស្សវិជ្ជាជីវៈ និងនិស្សិតកំពុងសិក្សាសរុបចំនួន ៩ ៨៨៩អង្គ/នាក់ នារី ៥ ៤២៩នាក់។

ក្នុងស្មារតីសុឆន្ទៈ ការប្តេជ្ញាចិត្តកសាង និងអភិវឌ្ឍមូលធនមនុស្ស សាកលវិទ្យាល័យ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់​រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកលើមូលដ្ឋាននេះ និងដើម្បីឆ្លើយតបតម្រូវការរបស់​សង្គម​ជាតិ ក៏ដូចជាការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ សាកលវិទ្យា​ល័យ អាស៊ី អឺរ៉ុប បានដាក់ចេញនូវផែនការដែលផ្តោតលើអាទិភាពជាយុទ្ធសាស្ត្រចំនួន ៣រួមមាន៖
* អាទិភាពទី១៖ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន ការសិក្សាស្រាវ ជ្រាវ និងការគ្រប់គ្រងអប់រំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពឌីជីថល​របស់និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបុគ្គលិក។
* អាទិភាពទី២៖ កែលម្អប្រព័ន្ធគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការពង្រឹងប្រព័ន្ធ ទិន្នន័យ ការវិភាគ និងការប្រើប្រាស់។
* អាទិភាពទី៣៖ បង្កើនកិច្ចសហប្រតិបត្តិការទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើត​ឱកាស​​ការងារជូននិស្សិតបានទូលំទូលាយ។

ជាក់ស្តែង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងអនុវត្តប្រព័ន្ធគ្រប់គ្រង​សេវាកម្ម​អប់រំ​តាមបែបឌីជីថលទំនើបៗ និងបានផ្តល់អាទិភាពលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង សម្រាប់និស្សិត រួមមាន ៖ ការ​រៀបចំសាលសវនាការនិមិត្ត បន្ទប់ពិសោធន៍បច្ចេកវិទ្យាដ៏ទំនើប បន្ទប់អនុវត្ត​ជំនាញ​សណ្ឋាគារ បន្ទប់ពិសោធន៍ផ្នែកម្ហូបអាហារ និងភេសជ្ជៈ បន្ទប់អនុវត្តសេវាកម្មធនាគារគំរូ និងបរិក្ខារសម្រាប់ ការអនុវត្តជំនាញផ្សេងៗទៀត។

ទន្ទឹមនឹងការអភិវឌ្ឍធនធានមនុស្ស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបន្តពង្រឹង​យន្ត​ការ​ដឹកនាំ និងនវានុវត្តន៍ក្នុងការគ្រប់គ្រង ស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ និង​គោលនយោបាយរបស់ក្រសួង អប់រំ យុវជន និងកីឡា រហូតសម្រេចបានការទទួល​ស្គាល់​ពេញសិទ្ធិពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។

ជាមួយគ្នានេះ សាកលវិទ្យាល័យ បានផ្ដោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ​ការ​ជាមួយបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងឯកជន តាមរយៈការរៀបចំសិក្ខាសាលា បាឋក​ថា និងវេទិកានានា ដោយអញ្ជើញឥស្សរជន អ្នកជំនាញជាន់ខ្ពស់ និងវាគ្មិនល្បីៗ ដើម្បី​មកចែករំលែកបទពិសោធល្អៗ ជាចំណេះដឹងជូនដល់និស្សិតគ្រប់ជំនាន់។

សាកលវិទ្យាល័យ ក៏មានដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិសរុបចំនួន៩៥ មាន​ដូច​ជា ចិន កូរ៉េខាងត្បូង ស្វីស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។ ជា​មួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អនេះ សាកលវិទ្យាល័យ តែងតែបាន​បញ្ជូន​និស្សិតចុះកម្មសិក្សា និងធ្វើទស្សនកិច្ចសិក្សាទាំងក្នុងនិងក្រៅប្រទេសជាប្រចាំ ដែល​លើក​កម្ពស់ការសិក្សាស្រាវជ្រាវ ការសរសេររបាយការណ៍បញ្ចប់ការសិក្សា និងបង្កើត​បាន​នូវឱកាសការងារជាច្រើនសម្រាប់និស្សិត។

ក្រៅពីផ្តោតលើការពង្រឹងគុណភាពអប់រំ ដើម្បីធានាឱ្យនិស្សិតទទួលបានចំណេះដឹង និង​ជំនាញពិតប្រាកដ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែឈរលើទស្សនវិស័យ​ច្បាស់​លាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពគ្រប់ជ្រុងជ្រោយ។

សាកលវិទ្យាល័យបានគាំទ្រលើកទឹកចិត្តនិស្សិតក្នុងសកម្មភាពសង្គម កីឡា អក្សរ​សាស្ត្រ ដោយជំរុញ និងបញ្ជូននិស្សិតឱ្យចូលរួមប្រកួតប្រជែង​ក្នុងកម្មវិធីកីឡា​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ រហូតសម្រេចបានលទ្ធផលជោគជ័យក្នុងការ​ប្រកួតជា​រៀង​រាល់ឆ្នាំ។ ជាក់ស្ដែង ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៦នេះ និស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមក្នុងកម្មវិធីកីឡាឧត្តមសិក្សានិងមធ្យមសិក្សាថ្នាក់ជាតិ និងតែង​តែសម្រេចបាន «ពានឧត្តមភាពមេដាយ» ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមគ្រឹះស្ថាន​សិក្សា​ទូទាំងប្រទេសលើការប្រកួតច្រើនប្រភេទដូចជា កីឡាបាល់ទះ បាល់បោះ ហែល​ទឹក អត្តពលកម្ម ប៊ូលនិងប៉េតង់ តេក្វាន់ដូITF វាយកូនឃ្លីលើតុ និងកីឡាគុនដាវ។

មិនតែប៉ុណ្ណោះ ក្រៅពីទទួលជោគជ័យលើផ្នែកកីឡា និស្សិតក៏ទទួលបានជ័យលាភី ក្នុងការប្រកួតផ្នែកអក្សរសាស្ត្រចិនជាបន្តបន្ទាប់។ ជាមួយគ្នានេះ សាកលវិទ្យាល័យ​ក៏បានបណ្តុះស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវចំពោះសង្គមជាតិ តាមរយៈ ការផ្ដល់ឱកាសឱ្យនិស្សិតចូលរួមក្នុងចលនាមនុស្សធម៌ និងស្ម័គ្រចិត្ត ស្ថិតក្រោមក្រប​ខណ្ឌ យុវជនកាកបាទក្រហមកម្ពុជា និងស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យ ដោយ​បានចូលរួមក្នុងសកម្មភាពនានារួមមាន យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក យុទ្ធនា​ការ ១ម៉ឺនរៀល ១ម៉ឺននាក់ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ការរៀបចំមូល​និធិកៀរ​គរ​គាំទ្រកម្លាំងជួរមុខ និងជនភៀសសឹក ការឧបត្ថម្ភសមាជិកមូលនិធិត្រីចក្រយាន​កម្ពុជា​និងរួមគ្នាជួយដល់សមាជិកយុវជន ដែលមានជីវភាពខ្វះខាតជាដើម៕