នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។
ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូក្រសួង ស្នងការស្តីទី ស្នងការរង មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្រឡាញ់បំផុតពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ដោយជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងគ្រប់រូប។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនជាលំដាប់។
ជាការឆ្លើយតបនឹងការខិតខំប្រឹងប្រែង និងក្នុងបរិយាកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក កែវ រតនៈ និងគណៈប្រតិភូ បានរៀបចំអំណោយដ៏ថ្លៃថ្លាប្រគល់ជូនដល់អង្គភាពទាំង៣ ដោយក្នុងមួយអង្គភាពទទួលបានថវិកា ៤.០០០.០០០រៀល (បួនលានរៀល)។ ដោយឡែកកងកម្លាំង ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី ឬទឹកស៊ីអ៊ីវ១យួរ និងថវិកា១០ម៉ឺនរៀល។
លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវការជូនពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ និងសូមឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងជោគជ័យគ្រប់ភារកិច្ចក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រទេសជាតិយើង៕



















































