នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងលោកជំទាវ ទេព រ៉ូហ្សេត បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកចង្ហាន់ បច្ច័យ និងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃចំនួន៩វត្ត ក្នុងតំបន់អង្គរ ខេត្តសៀមរាប។
ពិធីបុណ្យកាន់បិណ្ឌវេនទី៧ នេះ ត្រូវបានប្រារព្ធឡើងនៅវត្តគោកធ្លក ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរសខ្មែរសម័យអង្គរ វីរកងទ័ព ពលី ដើម្បីបុព្វហេតុការពារទឹកដី ជាតិ មាតុភូមិ និងញាតកាទាំង ៧សន្តាន និងដួងវិញ្ញាណក្ខន្ធអ្នកមានគុណដែលបានចែកឋានទៅ។
ពិធីនេះមានការនិមន្តចូលរួមពីព្រះចៅអធិកា និងព្រះសង្ឃទាំង៩វត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ មន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋាន គ.ប.ឆ.ប. ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប អាជ្ញាធរអប្សរា យាយជី តាជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ រួមនឹងថ្នាក់ដឹកនាំ បានអញ្ជើញធ្វើពិធីបួងសួងថ្វាយព្រះពុទ្ធបដិមា ម្ចាស់ទឹកម្ចាស់ដី និងប្រគេនទេយ្យទានជាច្រើន និងបច្ច័យបួនចំពោះព្រះគ្រូចៅអធិការវត្ត និងរាប់បាត្រ បង្សុកូល ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន ញាតកាទាំង៧សន្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។
ជាមួយគ្នានោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងលោកស្រី ក៏បានចែកទានដល់យាយជីតាជីចំនួន ២៧នាក់ និងបានជូននូវថវិកាមួយចំនួន ដល់កម្លាំងសមត្ថកិច្ច ប្រជាការពារ អ្នកអនាម័យ មន្ត្រីការពារក្នុងតំបន់អង្គរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធីនេះ។
សូមជម្រាបថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរព និងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយទៀតទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង៕









