ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីនិទ្ទេស A ឆ្នាំ២០២៦ ចំនួន១៦នាក់ ផ្ដល់ជាម៉ូតូសេរីថ្មី ចំនួនម្នាក់១គ្រឿង និងបន្តដាក់បិណ្ឌនៅវត្តចំនួន ក្នុងស្រុកអង្គស្នួលផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសិស្សជ័យលាភី ដែលបានខិតខំប្រឹងប្រែងក្នុងការសិក្សា ក៏ដូចជាគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំង៥ក្នុងស្រុកអង្គស្នួល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការបង្រៀន ប្រៀនប្រដៅដល់សិស្សានុសិស្ស ដែលជាការចូលរួមយ៉ាងសំខាន់ ក្នុងកំណែទម្រង់វិស័យអប់រំ។
បន្ថែមលើសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់សិស្សជ័យលាភី ផងដែរ ពិសេសឲ្យដាក់ចិត្តខិតខំរៀនសូត្រនៅថ្នាក់ឧត្តមសិក្សា ដោយតាំងចិត្តឲ្យមុតមាំ រៀនសូត្រកុំឲ្យចាញ់គេ រៀនឲ្យចេះពិត ឲ្យមានគុណភាព ប្រែក្លាយក្ដីសុបិន្តឲ្យក្លាយជាការពិត ដើម្បីមានសមត្ថភាពជួយខ្លួនឯង ជួយគ្រួសារឲ្យមានជីវភាពធូរធារ ជួយកសាងសង្គមជាតិឲកយរីកចម្រើន លូតលាស់ទៅមុខ និងពិសេសទន្ទឹមនឹងមានចំណេះដឹង ត្រូវធ្វើខ្លួនឲ្យមានគុណធម៍ខ្ពស់ផងដែរ ។
ជាការលើកទឹកចិត្ត លោកឧបនាយករដ្ឋមន្ត្រី បានឧបត្ថម្ភដល់សិស្សនិទេ្ទស A ចំនួន ១៦នាក់ ដោយទទួលបានម៉ូតូ Honda Dream ២០២៦ ម្នាក់១គ្រឿង និងសិស្សនិទេ្ទស B ចំនួន ១០៣នាក់ ដោយម្នាក់ៗនឹងទទួលបានថវិកា ៤០០,០០០រៀល។
បន្ទាប់ពីកម្មវិធីសំណេះសំណាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទៅវត្តចំនួន៣ គឺវត្តអង្គប្រាសាទមានជ័យ វត្តឆក់ឈើនាង និងវត្តព្រះនាគ ព្រមទាំងបានចូលបច្ច័យ និងទេយ្យទានមួយចំនួនសម្រាប់កម្មវិធីកាន់បិណ្ឌដល់វត្តទាំងបីនេះផងដែរ៕















