លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឯកឧត្តម ពេជ សោភ័ន និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ដែលត្រូវជាបិតាមាតាបង្កើតរបស់លោកជំទាវបណ្ឌិត និងសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។
នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកឪពុក អ្នកម្តាយ សហការី និងសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលមកថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា និងនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា សម្រាប់ពិធីសូត្រមន្តចូលវេនកាន់បិណ្ឌទី៨ នេះ
នាឳកាសនោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសព្ទសាធុការដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមាតា បិតា បង្កើត របស់លោកទាំងទ្វេ ព្រមទាំងបុត្រាបុត្រី សហការី និងយុវតីសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ លោកជំទាវបណ្ឌិត សូមជូនមគ្គផល កុសលផលបុណ្យ ដែលលោកជំទាវបានធ្វើសូមគោរពជូនពរបងប្អូនជនរួមជាតិខ្មែរ ជាពិសេសវីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ និងធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព។
សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា។
ក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ៕



































