ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង រួមជាមួយក្រុមការងារមូលដ្ឋាន នាថ្ងៃទី០៣-០៤ ខែតុលា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងចូលរួមពិធីបុណ្យកាន់បិណ្ឌ កម្មវិធីផ្សារភ្ជាប់យុវជន និងចាស់ព្រឹទ្ធាចារ្យ នៅទីតាំងចំនួន៧ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ទីតាំង៧នោះរួមមាននៅឃុំឈើតុំ (វត្តផ្ទះចេក), ឃុំស្វាយស (វត្តកោះកណ្តាល), ឃុំអន្លង់ត្នោត (វត្តបន្ទាយក្រង), ឃុំអន្លង់វិល (វត្តពោធិ៍សុវណ្ណរង្សី), ឃុំកណ្តៀង (វត្តកំពង់ក្រសាំង), ឃុំស្យា (វត្តនទីសេដ្ឋា) និងឃុំស្នាអន្សា (វត្តសម្តេចយស)។
ក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមការងារនាំយកនូវទេយ្យទានប្រគេនព្រះសង្ឃតាមបណ្តាវត្តទូទាំងស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខទាំងអស់ ដែលបានពលីជីវិតក្នុងភារកិច្ចការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិផងដែរ។
មានប្រសាសន៍នៅតាមបណ្តាទីវត្តអារាមទាំង៧ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាមានឱកាសបានជួបជុំគ្នា សប្បាយរីករាយ និងអាចប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនេះឡើងវិញ។
ឯកឧត្តមបណ្ឌិតបានជំរុញឱ្យយុវជនជំនាន់ក្រោយ ត្រូវស្គាល់ពីតម្លៃកតញ្ញូតាធម៌ ការគោរពចាស់ព្រឹទ្ធាចារ្យ ការចងចាំប្រពៃណីវប្បធម៌ និងការស្រូបយកបទពិសោធន៍ជីវិតដ៏មានតម្លៃពីអ្នកជំនាន់មុន ដើម្បីបន្តវេនក្នុងការអភិវឌ្ឍសង្គមជាតិ។
ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតបានរំលឹកពីការខិតខំតស៊ូរបស់ថ្នាក់ដឹកនាំ និងវីរកងទ័ពក្នុងការការពារបូរណភាពទឹកដី និងបានលើកឡើងថា កម្ពុជាមិនត្រូវការសង្គ្រាម តែក៏មិនអនុញ្ញាតឱ្យសត្រូវមកបំផ្លាញសន្តិភាពបានដែរ ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវយន្តការការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយដោយសន្តិវិធី។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ ក្នុងស្រុកក្រគរ និងស្រុកកណ្តៀង គឺតែងតែចុះផ្ទាល់ និងជួយយកអាសារបងប្អូនប្រជាពលរដ្ឋ និងកូនៗប្រជាពលរដ្ឋ ឱ្យមានឱកាសការងារធ្វើល្អសមរម្យ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា សេចក្តីត្រូវការ និងបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ក្នុងរដូវកាលនេះ ត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថានក្នុងផ្ទះ សហគមន៍ និងភូមិឋាន ព្រមទាំងខិតខំចូលរួមដាំដើមឈើ ដើម្បីបង្កើតភាពបៃតង និងការពារបរិស្ថានធម្មជាតិរបស់យើងទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត ប្រាំង ជលសា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តគាំទ្រ និងផ្ដល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន ព្រមទាំងអំពាវនាវឱ្យរួមគ្នាយកឈ្នះ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ក្នុងឆ្នាំ២០២៧ខាងមុខ ដើម្បីធានាបាននូវការអភិវឌ្ឍសង្គមជាតិ ការរក្សាបាននូវសុខសន្តិភាព និងភាពរុងរឿងជាបន្តបន្ទាប់ទៀត៕



















































