តំណាងរាស្ត្រមណ្ឌលខេត្ដកំពង់ចាម ដឹកនាំក្រុមការងារកាន់បិណ្ឌ និងរាប់បាត្រ វេនទី៩ នៅវត្តនិធិជយារាម ហៅវត្ដកំណប់


ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ និងរាប់បាត្រ វេនទី៩ នៅវត្តនិធិជយារាម ហៅវត្ដកំណប់ ស្ថិតនៅភូមិប្រខ្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។

នាឱកាសដ៏មានសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងបានធ្វើបទនមស្ការ ថ្វាយបង្គំព្រះពុទ្ធរូប ថ្វាយបង្គំ ព្រះសង្ឃ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។ នាឳកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ក្នុងនោះក៏បានប្រគេនបច្ច័យសម្រាប់កសាងវត្តមួយចំនួនផង។

កុសលផលបុណ្យដែលកើតឡើងពីសទ្ធាជ្រះថ្លានេះ ព្រះចៅអធិការវត្ដ សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន, ព្រមទាំងវិញ្ញាណក្ខន្ធ ញាតិការសាច់សារលោហិត ទាំង៧សណ្តាន រួមទាំងវីរកងទ័ពរបស់យើង ដែលបានចែកឋាន ទៅកាន់បរលោក សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លើសពីនោះសូមមហាកុសលផលបុណ្យក្នុងថ្ងៃនេះ ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតាទាំង ១ម៉ឺនលោកធាតុ និងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ សូមមានសុខភាពល្អ និងជន្មាយុយឺនយូរ បន្ដដឹកនាំការងារជួយប្រជាជន និងប្រទេសជាតិ កាន់តែរីកចម្រើនរុងរឿង។

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន សូមជូនមគ្គផល កុសលផលបុណ្យនេះ ជូនដល់ពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប និងសូមឧទិ្ទសកុសល ដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានបូជាសាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដី រួមទាំងដួងវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋ ដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត។

ទន្ទឹមនឹងនោះឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយតាមថែរក្សាពុកម៉ែ អ៊ំពូមីង បងប្អូនប្រជាជនកម្ពុជាគ្រប់ៗរូប ប្រជាជនភៀសសឹក វីរយុទ្ធជនទាំងអស់ សូមទទួលបានសុខភាពល្អបរិបូណ៌ ធ្វើដំណើរទៅគ្រប់ទិសទីប្រកបដោយសុខសុវត្ថិភាព និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថាបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១២ ខែតុលា៕