ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ក្រោមទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់»


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាអនុវត្តកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដោយឈរលើទស្សនវិជ្ជាដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ក្រោមទស្សនវិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់»។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការវាយតម្លៃក្របខណ្ឌនៃការគ្រប់គ្រង និង ការអភិវឌ្ឍធនធាន មនុស្ស ឆ្នាំ២០២៤-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់ការអនុវត្តពាក់កណ្តាលអាណត្តិ ផ្សារភ្ជាប់ជាមួយវិធានការ គន្លឹះ នៃកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ, ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងភាពប្រាកដនិយម របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងការបន្តវេនដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងថាមភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់ លើការ-កែទម្រង់ស៊ីជម្រៅ និងមុតស្រួច លើគ្រប់វិស័យ ដោយឈរលើទស្សនវិជ្ជាដ៏ត្រឹមត្រូវ របស់សម្តេចតេជោ, ពោលគឺ «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់»»។

ក្នុងនោះ, ជាផ្នែកដ៏សំខាន់មួយនៃការកែទម្រង់, ប្រព័ន្ធរដ្ឋបាលសាធារណៈ ត្រូវបានរៀបចំ, ពង្រឹង និងកែលម្អឲ្យកាន់តែប្រសើរឡើង ជាបន្តបន្ទាប់, ដោយផ្តោតអាទិភាព លើការធ្វើទំនើប-កម្មស្ថាប័នរដ្ឋ ឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និង ស្អាតស្អំ, តាមរយៈ ការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ, សេដ្ឋកិច្ច និង រដ្ឋបាល ក្នុងការដឹកនាំ, ការគ្រប់គ្រង និង ការចាត់ចែងកិច្ចការប្រទេស, ជាពិសេស ការធានានិរន្តរភាពនៃតួនាទី និង កិច្ចដំណើរការនៃរដ្ឋបាលសាធារណៈ, ដោយយកចិត្ត-ទុកដាក់ខ្ពស់បំផុត លើផលប្រយោជន៍ ជាតិ និង ប្រជាជន, ព្រមជាមួយនឹងការកសាង ជាតិ និង ការពង្រឹងនីតិរដ្ឋ សំដៅគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ បរិយាបន្ន, ចីរភាព និង ភាពធន់។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, ក្នុងទិសដៅនេះ រាជរដ្ឋាភិបាល បានបន្តផ្តោតលើ ១). ការពង្រឹង និង ការកែ-ទម្រង់ស្ថាប័ន, និង ២). ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និង ការពង្រឹង ប្រសិទ្ធភាពការងារ តាមរយៈការវិភាគមុខងារ និង រចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និង ការ-កំណត់បែបបទនៃការផ្តល់សេវានានារបស់ក្រសួង-ស្ថាប័ន, ជាពិសេស ការកំណត់ឲ្យបាន ច្បាស់លាស់នូវ មុខងារ និង ភារកិច្ច, ការទទួលខុសត្រូវ, ខ្សែបន្ទាត់គណនេយ្យភាព និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ស្របតាមអភិក្រម៖ «រៀបចំផ្ទះ ឲ្យរៀបរយ» និង «ពង្រឹង, ជាជាងពង្រីក»។

ជាមួយគ្នានេះ, រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវ វិធានការគន្លឹះ តាមវិស័យជាអាទិភាព និង បានបង្កើតនូវយន្តការស្ថាប័ន សម្រាប់ដឹកនាំ, សម្របសម្រួល និង ជំរុញការអនុវត្ត នូវវិធានការគន្លឹះទាំងនោះ ដើម្បី, ម្ខាង, ដោះស្រាយបញ្ហាប្រឈម ឲ្យបានរហ័ស, ទាន់ពេល និង ចំគោលដៅ និងម្ខាងទៀត ពង្រឹងគុណភាព, ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាព នៃវិស័យចម្បងទាំងនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដោយផ្ទាល់ របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី, គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់សមត្ថភាព, ប្រសិទ្ធភាព និង សមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ តាមរយៈ ការដាក់ចេញនូវ វិធានការគន្លឹះ ចំនួន ៣ រួមមាន៖

ទី១៖ ការដាក់ឲ្យអនុវត្តនូវប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយ គុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាបន្ន, និង ប្រសិទ្ធភាព;
ទី២៖ ការពង្រឹង សមត្ថភាព និង សមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ, សីលធម៌, វិជ្ជាជីវៈ, ប្រសិទ្ធភាព, និង ស័ក្តិសិទ្ធិភាព;
និងទី៣៖ ការដាក់ឲ្យអនុវត្ត នូវ ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព, សមធម៌, ប្រសិទ្ធភាព, និង ចីរភាព៕