សម្តេច ម៉ែន សំអន អញ្ជើញនាំទេយ្យទាននិងបច្ច័យវេរប្រគេនដល់ព្រះសង្ឃចំនួន៦វត្ត ក្នុងពិធីវេនកាន់បិណ្ឌទី៩ នៅខេត្តស្វាយរៀង


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញនាំទេយ្យទាននិងបច្ច័យមួយចំនួនចូលរួមក្នុងពិធី វេនកាន់បិណ្ឌទី ៩ នៅវត្តតាព្រហ្ម (ឬវត្តទួលតាព្រហ្ម) ស្ថិតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងប្រគេនបច្ច័យចូលរួមវេនកាន់បិណ្ឌទី ៩ ចំនួន ៦វត្ត នៅក្នុងខេត្តស្វាយរៀងផងដែរ ។

ពិធីនេះបានប្រារព្ធទៅតាមបែបព្រះពុទ្ធសាសនា ដោយមានបូជា ទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈ ថ្វាយព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សូត្រមន្ដនមស្សកា ចម្រើនព្រះបរិត្ដ និងពិធីរាប់បាត្រ វេរប្រគេនចង្ហាន់ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ញាតិកាទាំង៧សន្ដាន ដែលបានពលី ជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងវេរភត្តហារប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។

ពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតដែលប្រជាពលរដ្ឋខ្មែរតែងគោរពប្រណិប័តន៍ដើម្បីរំលឹក និងឧទិ្ទសកុសលដល់សាច់ញាតិ មាតាបិតា បុព្វការីជនដែលបានលាចាកទៅលោកខាងមុខ។

ប្រជាពលរដ្ឋភាគច្រើនបានយកម្ហូបអាហារ និងផ្លែឈើ នំចំណីទៅប្រគេនដល់ព្រះសង្ឃ នៅតាមវត្តអារាម ពិធីបុណ្យភ្ជុំបិណ្ឌ តែងប្រារព្ធឡើងនៅរៀងរាល់ខែភទ្របទ នៅថ្ងៃ១ រោច រហូតដល់វេលា ១៥ រោច ដែលគុណគូ ទៅតាមប្រតិទិន នៃចន្ទគតិ ដែលជាថ្ងៃឆ្លងបញ្ចប់ ឬគេហៅថា ថ្ងៃបុណ្យភ្ជុំបិណ្ឌ៕