សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មី​នៃរដ្ឋសភាប្រទេសឡាវ


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតអបអរសាទរជូន លោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មី​នៃរដ្ឋសភាប្រទេសឡាវ ក្នុងការបោះឆ្នោតដែលប្រពឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី៥ ខែតុលានេះ ក្នុងសម័យប្រជុំសាមញ្ញលើកទី២ នៃរដ្ឋសភានីតិកាល ទី១០។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានខ្លឹមសារដូច្នេះថា៖ «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរីករាយក្រៃលែង សូមចូលរួមអបអរសាទរអស់ពីដួងចិត្តបំផុតចំពោះឯកឧត្តម ក្នុងឱកាសដែលត្រូវបានជ្រើសតាំង ជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ស.ប.ប.ឡាវ)។

ការឡើងកាន់តំណែងដ៏ឧត្តុង្គឧត្តមនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់របស់សហការី និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លើសមត្ថភាពដឹកនាំរបស់ ឯកឧត្តម។

ខ្ញុំជឿជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តម រដ្ឋសភា នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗដ៏ធំធេងថែមទៀត ក្នុងការអភិវឌ្ឍ ស្ថាប័ន និងស័ក្តិសិទ្ធភាពផ្នែកនីតិប្បញ្ញត្តិ ដោយបំពេញបាននូវបេសកកម្មស្នូលរបស់ខ្លួន និងជួយឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិរបស់ ស.ប.ប.ឡាវ។

ខ្ញុំក៏មានជំនឿយ៉ាងមុតមាំផងដែរថា ទំនាក់ទំនងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងបន្តរីកដុះដាលជាបន្តបន្ទាប់ ផ្អែកលើមូលដ្ឋានគ្រឹះ នៃការគោរពគ្នាទៅវិញទៅមក គុណតម្លៃរួម និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។

ខ្ញុំទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីបន្តលើកកម្ពស់កិច្ចសហការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសយើងទាំងពីរ ជាពិសេសលើបំណងប្រាថ្នារួមដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល។

សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងសូមជូនពរ ឯកឧត្តម បន្តទទួលបាននូវសុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម និងសូមជូនពរ ប្រជាជននៃប្រទេសឡាវ សូមទទួលបាននូវសុខុមាលភាព និងវិបុលភាពបន្ថែមទៀត»៕