ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកជំទាវ និងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមប្រារព្ធពិធីចម្រើនព្រះបរិត្ត នៃពិធីកាន់បិណ្ឌវេនទី១០ របស់ក្រសួង នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែកខាងត្បូង) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពិធីបុណ្យនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ ធ្វើបទនមស្ការ និងសមាទានសីល។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ព្រះមន្ត្រីសង្ឃ និងព្រះសង្ឃជាច្រើនអង្គ បាននិមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្តីសុខចម្រើន។ ជាមួយគ្នានោះ ព្រះធម្មកថិកក៏បានសម្តែងធម៌ទេសនា អំពីអានិសង្សនៃការរៀបចំពិធីកាន់បិណ្ឌ ដែលជាបុណ្យប្រពៃណីដ៏សំខាន់របស់ជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ក្នុងនាមមន្ត្រីរាជការក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ចំពោះព្រះភិក្ខុសង្ឃគ្រប់ព្រះអង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ លើសពីនេះក៏បានបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ៕

























