ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់៖ សន្និសីទ «ប្រជាជាតិដ៏ល្អប្រសើរ» ជាវេទិកាសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មសាសនា


នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសន្និសីទអាស៊ានលើកទី៤ ក្រោមប្រធានបទ «ប្រជាជាតិដ៏ល្អប្រសើរ» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅសណ្ធាគារ Shangri-La រាជធានីភ្នំពេញ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីក្រុមអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ និងឥស្សរជនអ៊ីស្លាមជាច្រើនរូប មកពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសអាស៊ាន។

ក្នុងឱកាសឡើងថ្លែងសន្ទរកថាក្នុងពិធីបើកខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានឡើងថ្លែងថា សន្និសីទស្តីពី «ប្រជាជាតិដ៏ល្អប្រសើរ»នេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍មុស្លីម និងមុស្លីម ព្រមទាំងសាសនា ផ្សេងៗនៃបណ្តាប្រទេសអាស៊ាន និងក្នុងតំបន់។

ឯកឧត្តមបានបន្ថែមថា សន្និសីទនេះជាឱកាសមួយដើម្បីរំលឹកយើងថា បញ្ហារបស់សង្គមមិនអាចដោះស្រាយម្នាក់ឯងបាននោះទេ ឬស្ថាប័នមួយបានឡើយ គឺត្រូវធ្វើកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល អ្នកប្រាជ្ញ ស្ថាប័នសាសនា អង្គការសង្គមស៊ីវិល ស្ថាប័ន អប់រំយុវជន និងវិស័យឯកជន។

ឯកឧត្តមបានសង្កាត់ធ្ងន់ថា ប្រជាជាតិដែលល្អប្រសើរ គឺមិនមែនជាប្រជាជាតិដែលគិតតែពីខ្លួនឯងនោះទេ តែជាប្រជាជាតិដែលធ្វើអ្វីដែលមានអត្ថប្រយោជន៍ដល់អ្នកដទៃ សហគមន៍ និង សង្គមជាតិ។ ដូច្នេះ យើងត្រូវធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍ ដែលមានជំនឿ និង សីលធម៌ល្អ ប្រកាន់ខ្ជាប់នូវមាគ៌ានិយមកណ្តាល យុត្តិធម៌ គោរពគ្នាទៅវិញទៅមក លើកកម្ពស់ចំណេះដឹង និងការអប់រំ ការពារយុវជនពីភាពជ្រុលនិយម និងព័ត៌មានមិនពិត រួមចំណែកក្នុងការបង្កើត និងរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងបម្រើមនុស្ស ជាតិដោយសេចក្តីមេត្តា និងមនុស្សធម៌។

ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្កើត និងរក្សាបាននូវគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ ជាមួយគ្នានេះសហគមន៍ឥស្លាមកម្ពុជា បានទទួលនូវសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា និងសិទ្ធិធ្វើនយោបាយផងដែរ ដោយគ្មានការរើសអើងពូជសាសន៍ និងបានអនុញ្ញាតគោលការណ៍ ក្នុងការរៀបចំសន្និសីទនៅថ្ងៃនេះផងដែរ។

សូមជម្រាបថា សន្និសីទនេះ មាន៨វគ្គ ដែលនឹងពិភាក្សាអំពីការលើកកម្ពស់ការប្រកាន់ខ្ជាប់នូវភាពសមតុល្យក្នុងសាសនា ការបដិសេធនូវភាពជ្រុលនិយម និងអំពើហិង្សា ព្រមទាំងការពង្រឹងតម្លៃនៃការអត់ឱន ការរួមរស់ជាមួយគ្នាដោយសន្តិភាព និងសន្តិភាពក្នុងសង្គម។ សន្និសីទនេះ បានរៀបចំចំនួន៣លើករួចមកហើយ ដោយលើកទី១នៅប្រទេសម៉ាឡេស៊ី លើកទី២នៅប្រទសឥណ្ឌូនេស៊ី និងលើកទី៣នៅប្រទេសថៃ ហើយលើកទី៤នេះ នៅកម្ពុជា៕