អភិបាលខេត្តតាកែវ នាំយកអំណោយកាកបាទក្រហម ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកទ្រាំង


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលជាគ្រួសារទីទ័លក្រ និងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងភូមិត្រពាំងកក់ និងភូមិអង្គកែវ ស្ថិតនៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។

ឯកឧត្តម វ៉ី សំណាង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

ឯកឧត្តមអភិបាលខេត្តក៏បានសម្តែងនូវការសោកស្តាយចំពោះផលប៉ះពាល់ដែលបង្កឡើងដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនាពេលនេះ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសត្រូវមើលថែកូនចៅតូចៗ និងមនុស្សចាស់ជរាឱ្យបានល្អ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង ១២ គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ត្រីខ ១ យួរ មី ១ កេស ប្រេងឆា ១ លីត្រ នំ ១ កញ្ចប់ ទឹកត្រី ៣ ដប ទឹកស៊ីអុីវ ៣ ដប កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ព្រមទាំងថវិកាឧបត្ថម្ភចំនួន ២០,០០០ រៀល (ពីរម៉ឺនរៀល) ផងដែរ។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ៕