រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បាននាំយកទាយវត្ថុចង្ហាន់ និងបច្ច័យ ទៅប្រគេនព្រះសង្ឃនចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី ១០ ចំនួន ៥វត្តដោយក្នុងនោះ ក្នុងក្រុងកំពង់ចាមចំនួន ៤វត្ត និងស្រុកកងមាសចំនួន ១វត្ត។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ រដ្ឋបាលខេត្តកំពង់ចាម បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគជាច្រើនមុខប្រគេនព្រះសង្ឃទាំង៥វត្ត រួមមាន៖ វត្តបឹងខេមវ័នស្នាយ វត្តជូតណារាមបឹងកុក វត្តសុទស្សនារាមជ្រោយថ្ម វត្តបុទុមរតន:ដីដុះ និងវត្តស្វាយតាហែន ដោយក្នុងមួយវត្តមានដូចជា អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ៥កេស មីចំនួន ៥កេស ទឹកដោះគោ ១កេសធំ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ព្រមទាំងបច្ច័យជាថវិកាមួយចំនួនផងដែរ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។
ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងភាពសប្បាយរីករាយ ដើម្បីចូលរួមថែរក្សាប្រពៃណី និងទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងបន្តអនុវត្តវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ការចូលរួមរបស់ថ្នាក់ដឹកនាំខេត្ត គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសាសនា និងការលើកកម្ពស់តម្លៃវប្បធម៌ជាតិ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណី និងព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋខ្មែរនៅគ្រប់មជ្ឈដ្ឋាន តែងធ្វើដំណើរពីទីជិតទីឆ្ងាយទៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើត ដើម្បីរៀបចំចង្ហាន់ និងទេយ្យវត្ថុយកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា។ ការប្រតិបត្តិទំនៀមទម្លាប់នេះ ត្រូវបានប្រជាជនខ្មែរអនុវត្ត និងបន្តផ្សព្វផ្សាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ ដើម្បីរក្សាប្រពៃណី វប្បធម៌ និងសាសនាដ៏ល្អប្រពៃរបស់ជាតិឱ្យបានគង់វង្សជានិរន្តរ៍៕












